លោក Anutin ជឿជាក់ថា លោកនឹងឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មី របស់ថៃ
បាងកក ៖ លោក អានុទីន ឆានវីរ៉ាគល់ (Anutin Charnvirakul) មេដឹកនាំគណបក្សភូមិចៃថៃ នៅថ្ងៃទី៣ ខែកញ្ញា បានថ្លែងជឿជាក់ថា លោកនឹងឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA មូលហេតុ ដែលលោកជឿជាក់ខ្លាំង ដោយសារ លោកអះអាងថា មានការគាំទ្រពីសមាជិកសភា សរុប១៤៦នាក់ មកពីក្រុម និងគណបក្សនយោបាយចំនួន៧ បង្កើតរដ្ឋាភិបាលសំឡេងភាគតិច។
លោក Anutin បានអះអាងថា បូករួមជាមួយការគាំទ្រពីគណបក្សប្រជាជនថៃ គឺលោកមានសំឡេងគាំទ្រគ្រប់គ្រាន់ នៅក្នុងសភា សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។
លោក Anutin បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកប្តេជ្ញាគោរពទទួលយកតាមលក្ខខណ្ឌកំណត់ ដោយគណបក្សប្រជាជន ថៃ ដែលជាបក្សគ្រប់គ្រងអាសនៈច្រើនជាងគេបង្អស់ នៅសភា ហើយលោកលោកក៏ព្រម លើលក្ខខណ្ឌ រំលាយសភា ក្នុងរយៈពេល៤ខែ ដើម្បីបើកផ្លូវទៅរៀបចំការបោះឆ្នោតសកល ថ្មី។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai កំពុងរង់ចាំចម្លើយពីព្រះមហាក្សត្រថៃ សម្រាប់សំណើសុំរំលាយសភាភ្លាមៗតែម្តង បន្ទាប់ពីបក្សកាន់អំណាចភឿថៃ មិនអាចធានាបានថា បេក្ខជនរបស់ខ្លួននឹងទទួលបានការគាំទ្រគ្រប់គ្រាន់ ដើម្បីត្រូវជ្រើសរើសជានាយករដ្ឋមន្រ្តីបន្ទាប់។
ដំណើរការស្វែងរកនាយករដ្ឋមន្រ្តីថ្មីនេះ គឺកើតមានឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញដកតំណែងជាផ្លូវការ កាលពីថ្ងៃសុក្រ សប្តាហ៍មុន៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត