ក្រសួងការងារ អំពាវនាវម្ចាស់សិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់ និងកសិដ្ឋាន ជួយផ្ដល់ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករមកកាន់ក្រសួង ដើម្បីជំរុញឱកាសជូនពលករ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់សិប្បកម្ម, អាជីវកម្ម, ភោជនីយដ្ឋាន, អាហារដ្ឋាន, ការដ្ឋានសំណង់ និងកសិដ្ឋានជាដើម សូមជួយសហការផ្ដល់ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករ មកកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីអាចឱ្យក្រសួងស្វែងរកជូន ហើយក៏ជាការផ្ដល់ឱកាសការងារជូនដល់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញដែរ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ពលករខ្មែរ បានត្រឡប់ចូលមកក្នុងប្រទេសវិញយ៉ាងគំហុក បន្ទាប់ពីប្រទេសកម្ពុជា និងប្រទេសថៃ មានជម្លោះព្រំដែនជាមួយគ្នាមក។ ក្នុងចំណោមបងប្អូនពលករដែលត្រឡប់មកវិញទាំងនោះ មានមួយចំនួនបានទទួលការងារធ្វើក្នុងស្រុកភ្លាមៗ និងមួយចំនួនទៀតនូវមិនទាន់ទទួលបានការងារ នៅឡើយ។

សម្រាប់បងប្អូនពលករដែលទទួលបានការងារទាំងនោះ ភាគច្រើនជាការងារក្នុងរោងចក្រ-សហគ្រាស ដែលបានចុះបញ្ជីក្នុងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ រីឯការងារផ្សេងទៀត ដែលស្ថិតនៅក្នុងសិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់ និងកសិដ្ឋាន ដែលស្ថិតនៅក្រៅប្រព័ន្ធនោះ គឺក្រសួងមិនទាន់មានរបាយការណ៍ ឬតួលេខជាក់ណាមួយនៅឡើយទេ។ នេះបើតាមការកត់សម្គាល់របស់អ្នកនាំពាក្យក្រសួងការងារ។

លោក ស៊ុន មេសា «ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលជាម្ចាស់សិប្បកម្ម, អាជីវកម្ម, ភោជនីយដ្ឋាន, អាហារដ្ឋាន, ការដ្ឋានសំណង់ និងកសិដ្ឋានជាដើម សូមជួយផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម នៅក្នុងទីតាំងរបស់ខ្លួន ដើម្បីអាចឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរកជូន ហើយក៏ជាការផ្ដល់ឱកាសការងារដល់បងប្អូនពលករយើង ដែលត្រឡប់មកពីប្រទេសថៃមានការងារធ្វើគ្រប់ៗគ្នា»។

អ្នកនាំពាក្យក្រសួងការងារ ចាត់ទុកការជួយសហការផ្ដល់ព័ត៌មាននេះ គឺជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយស្វែងរកការងារឱ្យបងប្អូនពលកររបស់យើងដែលត្រឡប់មកវិញ ដែលជាប្រភពការងារដ៏ច្រើនមួយបន្ថែមទៀត ក្រៅពីការងារនៅតាមរោងចក្រ-សហគ្រាស ដែលស្ថិតនៅក្នុងប្រព័ន្ធ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner