កុមារចំនួន ២១.០០០ នាក់ពិការដៃជើងដោយសារសង្គ្រាមហ្កាហ្សា
ហ្កាហ្សា ៖ គណៈកម្មាធិការសិទ្ធិជនពិការអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានកុមារចំនួន ២១.០០០ នាក់នៅក្នុងតំបន់ហ្កាហ្សាបានពិការដៃជើង ឬបាត់បង់កាយសម្បទា ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។
គណៈកម្មាធិការសិទ្ធិជនពិការរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា កុមារសរុបប្រហែល ៤០.៥០០នាក់បានរងរបួស ដោយសារតែជម្លោះក្នុងរយៈពេលជិត ២ឆ្នាំ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង ដោយជាងពាក់កណ្តាលនៃពួកគេបានធ្លាក់ខ្លួនក្លាយជាជនមានពិការភាព។
ទន្ទឹមគ្នា គណៈកម្មាធិការសិទ្ធិជនពិការរបស់អង្គការសហប្រជាជាតិបានរិះគន់ខ្លាំងៗ ជុំវិញការរឹតត្បិតលើការផ្គត់ផ្គង់ជំនួយមនុស្សធម៌ហូរចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលកំពុងជះឥទ្ធិពលមិនសមហេតុផលដល់ជនមានពិការភាព និង បានអំពាវនាវស្វែងរកជំនួយមនុស្សធម៌ដ៏ធំដល់ជនមានពិការភាព ដែលរងផលប៉ះពាល់ដោយសារសង្រ្គាមផងដែរ។
គណៈកម្មាធិការនេះបន្ថែមថា ខ្លួនត្រូវបានគេជូនដំណឹងអំពីមនុស្សយ៉ាងហោចណាស់មនុស្ស ១៥៧.១១៤នាក់បានរងរបួសធ្ងន់ និងស្រាល នៅចន្លោះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្នុងនោះជាង ២៥ភាគរយប្រឈមមុខនឹងពិការភាពពេញមួយជីវិត ។
គណៈកម្មាធិការដដែលបានជំរុញឱ្យអ៊ីស្រាអែលអនុម័តវិធានការជាក់លាក់សម្រាប់ការការពារកុមារមានពិការភាព ដោយសារតែការវាយប្រហាររបស់ខ្លួន និងអនុវត្តវិធានការជម្លៀសមនុស្សដោយគិតគូរចម្បងដល់ជនពិការ។ ជាងនេះទៅទៀត អ៊ីស្រាអែលគួរតែធានាថា ជនពិការត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា