ជនភៀសសឹកជាង១.៨០០គ្រួសារបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពក្នុងខេត្តសៀមរាបនៅឡើយ
អត្ថបទដោយ៖
ប៊ុន រដ្ឋា
សៀមរាប៖រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា គិតត្រឹមដើមខែកញ្ញានេះ ខេត្តសៀមរាបនៅតែមានជនភៀសសឹកចំនួន ១.៨៩០ គ្រួសារកំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនៅឡើយ ជាមួយការថែទាំ និងការយកចិត្តទុកដាក់ត្រូវបានអនុវត្តដោយអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធយ៉ាងជិតស្និទ្ធ។

យោងតាមរបាយការណ៍រដ្ឋបាលខេត្តបង្ហាញថា ក្នុងចំណោម ១.៨៩០ គ្រួសារមានចំនួន ៩៩០ គ្រួសារ ស្មើនឹង ៣.១៦៥ នាក់ កំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាព ដែលរៀបចំដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុក ខណៈមានចំនួន ៩០០ គ្រួសារ ស្មើនឹង ២.៩៤២ នាក់ កំពុងស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ។ទន្ទឹមនេះកាលពីថ្ងៃទី១ ខែកញ្ញាមានជនភៀសសឹកចំនួន ២៣៤ គ្រួសារ ស្មើនឹង ៧៨១ នាក់ បានវិលត្រឡប់ទៅលំនៅឋានដើមវិញ។

សូមបញ្ជាក់ថា គ្រួសារជនភៀសសឹកទាំង ១.៨៩០គ្រួសារនេះ ស្ថិតនៅតំបន់ងាយរងគ្រោះ និងរួមមានគ្រួសារកងទ័ពផងដែរ៕
ដោយ៖ប៊ុនរដ្ឋា



