លោក គីម ជុងអ៊ុន វេចបង្គន់ទៅប្រជុំនៅចិន និងលុបដានទាំងអស់ខ្លាចគេដឹងពីស្ថានភាពសុខភាព

ប៉េកាំង ៖ ក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗ អំឡុងព្រឹត្តិការណ៍ព្យុហយាត្រាយោធាធំនៅប្រទេសចិន សកម្មភាពរបស់
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន វេចបង្គន់ទៅតាម ព្រមទាំងសម្អាតរបស់គ្រប់យ៉ាង ដែលមេដឹកនាំរូបនេះ បានប៉ះ បានបង្កើតជាចំណាប់អារម្មណ៍មួយ នៅក្នុងក្រសែភ្នែករបស់អ្នការព័ត៌មាន លើពិភពលោក។

ទីភ្នាក់ងារព័ត៌មាន CNA បានរាយការណ៍ថា
បន្ទាប់ពីលោក គីម ជុងអ៊ុន បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងប៉េកាំង ភ្លាម មន្ត្រីរបស់កូរ៉េខាងជើងបានលុបចោល ដាន យ៉ាងប្រុងប្រយ័ត្ន នូវវត្ថុដែលប៉ះ ដោយមេដឹកនាំកំពូល របស់ប្រទេសនេះ ដូចជា កៅអី តុ និង កែវទឹក ជាអ្វី ដែលត្រូវអ្នកវិភាគ និយាយថា «វិធានការសន្តិសុខ ដើម្បីប្រឆាំងនឹងអ្នកស៊ើបការណ៍ បរទេស។

បើទោះបីជាមានការលេចចេញ នូវទំនាក់ទំនងមិត្តភាព រវាងលោក គីម និងលោក ពូទីន ក៏ដោយ ខ្សែវីដេអូ កាលពីថ្ងៃពុធ ថ្ងៃទី ៣ ខែកញ្ញា បានបង្ហាញពីវិធានការវិសាមញ្ញ របស់រដ្ឋឯកោមួយនេះ ដើម្បីលាក់បាំងតម្រុយណាមួយ អំពីសុខភាពរបស់លោកគីម។

នៅក្នុងការបង្ហោះនៅលើ Telegram អ្នកយកព័ត៌មានវិមានក្រឹមឡាំង Alexander Yunashev បានចែករំលែកវីដេអូ អំពីមន្ត្រី ពីរនាក់ របស់លោក Kim កំពុងសម្អាតបន្ទប់ យ៉ាងប្រុងប្រយ័ត្ន ក្នុងរដ្ឋធានី ប៉េកាំង ប្រទេសចិន បន្ទាប់ពីលោក Kim និងលោក Putin បានជួបគ្នា រយៈពេលជាងពីរម៉ោង។

អ្នកយកព័ត៌មាន បាននិយាយដោយសំដៅ ដល់កូរ៉េខាងជើងថា «បន្ទាប់ពីការចរចាបានបញ្ចប់ បុគ្គលិកដែលអមដំណើរប្រមុខកូរ៉េខាងជើង បានបំផ្លាញចោល យ៉ាងប្រុងប្រយ័ត្ន នូវរាល់ដាន នៃវត្តមាន របស់ លោក គីម» ។

កាសែត Nikkei របស់ប្រទេសជប៉ុន បានរាយការណ៍ ដោយដកស្រង់សំដី ភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់កូរ៉េខាងត្បូង និងជប៉ុន ដូចក្នុងអំឡុងពេលដំណើរចេញទៅក្រៅប្រទេស មុនៗដែរ ដោយអះអាងថា លោក គីម បានយកសូម្បី តែបង្គន់ផ្ទាល់ខ្លួន នៅលើរថភ្លើង ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីលាក់តម្រុយសុខភាព។

លោក Michael Madden អ្នកជំនាញវិភាគ អំពីកូរ៉េខាងជើង ប្រចាំនៅមជ្ឈមណ្ឌល Stimson ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បាននិយាយថា វិធានការបែបនេះ គឺជាពិធីការស្តង់ដារ តាំងពីសម័យ លោក Kim Jong Il ។

ជាក់ស្តែង សូម្បីមុនពេលអង្គុយ នៅកិច្ចប្រជុំកំពូល ជាមួយ លោក ពូទីន កាលពីឆ្នាំ២០២៣ ក្រុមសន្តិសុខ ក៏បានជូតកៅអី ជាមួយនឹងថ្នាំសំលាប់មេរោគ ហើយពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីប្រាកដថា កៅអីមានសុវត្ថិភាព ដោយមានទាំងការប្រើឧបករណ៍ ស្កេនកៅអី ទៀតផង៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner