បើកវគ្គបណ្តុះបណ្តាលដំបូងនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍វិជ្ជាជីវៈ និងវិញ្ញាបនបត្រជំនាញ ចិន-កម្ពុជា
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍វិស័យអប់រំ ខេត្តអានហួយ ប្រទេសចិន បានបើកសម្ពោធជាផ្លូវការ និង បើកវគ្គបណ្តុះបណ្តាលដំបូងនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍វិជ្ជាជីវៈ និងវិញ្ញាបនបត្រជំនាញ ចិន-កម្ពុជា ក្នុងគម្រោងហ៊ុយជៀង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ។
ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់វិទ្យាស្ថាន CITA ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស មិនត្រឹមតែប្រយោជន៍សម្រាប់យុវជន ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃកម្លាំងពលកម្មសកម្មប្រកបដោយគុណភាព និងភាពធន់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។
ឯកឧត្តមបានបន្តថា CITA បានចូលរួមខិតខំអនុវត្ត ដើម្បីឱ្យសម្រេចបានទៅតាមអ្វីដែលបានចែងនៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បានចាត់ទុកវគ្គបណ្តុះបណ្តាលដំបូងនេះ មិនត្រឹមតែជាផ្នែកមួយក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាដ៏សំខាន់មួយ ដែលផ្តល់ឱកាសផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងវិស័យ TVET របស់កម្ពុជា ជាមួយនឹងគ្រឹះស្ថាន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើន ដែលសុទ្ធតែជាគ្រឹះស្ថានល្បីៗប្រកបដោយគុណភាព និងមានសមត្ថភាពបណ្តុះបណ្តាលខ្ពស់ នៃប្រទេសចិន។
ក្នុងបេសកកម្ម នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនកម្ពុជា សម្រាប់ពេលបច្ចុប្បន្ន និងអនាគត គឺជាឱកាសទាក់ទាញវិនិយោគិនចិនថ្មីៗឱ្យមកដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមពីលើអត្ថប្រយោជន៍ នៃផ្លែផ្កានេះដល់វិនិយោគិនចិន ដែលបាននិងកំពុងមានវត្តមាន និងវិនិយោគនៅកម្ពុជាផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមបានស្នើវិទ្យាស្ថាន CITA ក៏ដូចជាដៃគូអភិវឌ្ឍន៍នានាបន្តយកចិត្តទុកដាក់ក្នុងការរួមចំណែកពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្អែកលើស្តង់ដាគុណភាព តាមកម្មវិធីសិក្សាស្របតាមកញ្ចប់ស្តង់ដា ដែលបានដាក់ចេញដោយក្រសួង ជាពិសេស ស្របទៅនឹងតម្រូវការជាក់ស្តែងនៅលើទីផ្សារការងារ។
ឯកឧត្តមបានជំរុញឱ្យភាគីពាក់ព័ន្ធបន្តលើកកម្ពស់ និងបង្កើនសមត្ថភាពវិជ្ជាជីវៈគ្រូបច្ចេកទេស តាមរយៈរៀនសូត្រ និងបណ្តុះបណ្តាលបន្ថែមជាប្រចាំស្របតាមយុគសម័យឧស្សាហកម្ម ៤.០ និងការវិវត្តរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យា ដើម្បីជាប្រយោជន៍ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្មទំនើបនៅកម្ពុជាទៅអនាគត៕
ដោយ ៖ ង៉ាន់ ទិត្យ

















