រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ចាម ២រូប និងនាយករដ្ឋបាលខេត្ត
(កំពង់ចាម)៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ចាម ២រូប និងនាយករដ្ឋបាលខេត្តកំពង់ចាម។
ពិធីនេះមានការចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លោកជំទាវ មន្ត្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ ព្រមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
សូមជម្រាបផងដែរថា ពិធីប្រកាសចូលកាន់មុខតំណែងខាងលើ គឺ លោក ឃន ប្រុស ពីមុនជានាយករដ្ឋបាលសាលាខេត្តកំពង់ចាម ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តកំពង់ចាម និង លោក ចាន់ រ៉ាន់ ផ្ទេរភារកិច្ចពីអភិបាលរងខេត្តព្រៃវែង ចូលកាន់តំណែងជា អភិបាលរងខេត្តកំពង់ចាម ដោយឡែក លោក ជា សិលា ជានាយករងរដ្ឋបាល ត្រូវបានប្រកាសចូលកាន់តំណែង ជានាយករដ្ឋបាលខេត្តកំពង់ចាម។
ឯកឧត្តម ប៊ុន ហុន មានប្រសាសន៍ផ្តាំផ្ញើដល់ លោកអភិបាលរងខេត្តទាំងពីររូប និងលោកនាយករដ្ឋបាលខេត្តកំពង់ចាម ដែលទើបនឹងទទួលការតែងតាំងថ្មី សូមខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច និងបទពិសោធន៍ការងាររបស់ខ្លួន ដើម្បីបន្តចូលរួមអភិវឌ្ឍន៍ខេត្តកំពង់ចាម ឲ្យកាន់តែមានភាពរីកចម្រើន នឹងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត៕





ដោយ ៖ លី ពៅ