លោក ពូទីន ព្រមានវាយប្រហារទ័ពលោកខាងលិច នៅអ៊ុយក្រែន

មូស្គូ ៖ លោក ពូទីន បានអះអាង នៅថ្ងៃទី៥ ខែកញ្ញានេះ ថា កងទ័ពលោកខាងលិចណា ក៏ដោយ ឲ្យតែឈរជើង នៅអ៊ុយក្រែន នឹងក្លាយជាគោលដៅ វាយប្រហារ របស់កងទ័ពរុស្ស៊ី។

ថ្លែងក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុង វ្លាឌីវ៉ូស្តុក ភាគខាងកើតឆ្ងាយ លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា កងកម្លាំងលោកខាងលិចណា ដែលដាក់ពង្រាយ នៅអ៊ុយក្រែន នឹងក្លាយជាគោលដៅ “ស្របច្បាប់” សម្រាប់កងទ័ព របស់ទីក្រុងម៉ូស្គូ។

ការអះអាងនេះ ធ្វើឡើង នៅមួយថ្ងៃ បន្ទាប់ពីសម្ព័ន្ធមិត្ត របស់ទីក្រុង Kyiv បាននិយាយថា ពួកគេបានប្តេជ្ញាចំពោះវត្តមានកងទ័ព នៅប្រទេសអ៊ុយក្រែន។ ក្រុមប្រទេស រាប់សិប ដែលដឹកនាំដោយបារាំង និងអង់គ្លេស បានសន្យា កាលពីថ្ងៃព្រហស្បតិ៍ថា នឹងចូលរួមជាមួយកងកម្លាំងធានាអ៊ុយក្រែន ទាំងនៅលើដី សមុទ្រ និង នៅលើអាកាស ដើម្បីល្បាត ផ្អែកតាមកិច្ចព្រមព្រៀង ណាមួយ។

យ៉ាងណា លោក ពូទីន បានអះអាងថា «ប្រសិនបើកងទ័ព បង្ហាញខ្លួននៅទីនោះ ជាពិសេស នៅពេលនេះ ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នា យើងបន្តចេញពីការសន្និដ្ឋានថា ពួកគេនឹងក្លាយជាគោលដៅស្របច្បាប់»។

លោក ពូទីន បានបន្ថែមថា ការដាក់ពង្រាយកម្លាំងបែបនេះ មិនអំណោយផល ដល់សន្តិភាព យូរអង្វែងទេ ហើយ បាននិយាយថា ទំនាក់ទំនងយោធា កាន់តែជិតស្និទ្ធ របស់អ៊ុយក្រែន ជាមួយលោកខាងលិច គឺជាអ្វីដែលលោកហៅថា ជា «មូលហេតុដើម» នៃជម្លោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner