សម្តេចតេជោ ហ៊ុន សែន៖ បទឈប់បាញ់រវាងកម្ពុជា និងថៃ គឺមិនអាចមានបានឡើយ បើសិនលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនបានចូលរួមចំណែក ឬចាត់វិធានការជួយដោះស្រាយឱ្យបានទាន់ពេលវេលានោះទេ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ ប្រៃហ្គេត អែល វ៉ក់ឃឺរ (Bridgette L. Walker) ភារៈធារីស្តីទីស្ថានទូតសហរដ្ឋស្ថានមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។
អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ បានមានប្រសាសន៍ថា ជាកិច្ចចាប់ផ្តើមសម្តេចតេជោ បានសម្តែងនូវការស្វាគមន៍និងរីករាយដែលបានជួបលោកជំទាវសាជាថ្មី និងសហការីនាពេលនេះ។ សម្តេចត្រៀមជជែកជាមួយលោកជំទាវអំពីបញ្ហាទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ហើយជាពិសេសបញ្ហាចុងក្រោយនៃស្ថានភាពព្រំដែនកម្ពុជា ថៃ ដែលសហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន។
ឯកឧត្តម ជា ធីរិទ្ធ បានបន្តថា នៅក្នុងឱកាសនោះ លោកជំទាវបានសម្តែងនូវការអរគុណចំពោះសម្តេចតេជោដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការីបានជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ ជាពិសេសបានរំលេចអំពីទំនាក់ទំនងកម្ពុជា និងរដ្ឋអាម៉េរិក ដែលលោកជំទាវបានលើកឡើងថា នាពេលបច្ចុប្បន្នស្ថានភាពនៃទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកមានភាពល្អប្រសើរ។ នាពេលនេះ ស្ថានទូតអាម៉េរិកកំពុងតែប្រារព្ធនៅការអបអរសាទរខួប៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាម៉េរិក។ លោកជំទាវនឹងជជែកបន្ថែមជាមួយសម្តេចអំពីបញ្ហាចុងក្រោយនៃព្រំដែនកម្ពុជា និងថៃ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។
ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា សម្តេចតេជោបានពន្យល់ទៅកាន់លោកជំទាវ ប្រៃហ្គេត អែល វ៉ក់ឃឺរ ទាក់ទងទៅនឹងសារបានជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ដែលមានកន្លងមក ក៏ដូចជាស្ថានភាពចុងក្រោយនៃការវិវត្តនៃបញ្ហាជម្លោះកម្ពុជា និងថៃ ដែលក្រោយពីមានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចតេជោបានបញ្ជាក់ថា បទឈប់បាញ់ដែលកម្ពុជា និងថៃ មានជាមួយគ្នាកន្លងមក គឺមិនអាចមានបានឡើយ បើសិនលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនបានចូលរួមចំណែក ឬចាត់វិធានការជួយដោះស្រាយឱ្យបានទាន់ពេលវេលានោះទេ។ វត្តមានលោកប្រធានាធិបតី ដូណាល់ ត្រាំ គឺមានសារៈសំខាន់ណាស់ដែលអាចឱ្យភាគីទាំងពីរឈានទៅរកមានបទឈប់បាញ់ជាមួយគ្នា៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា





