រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ (CAFE25) នឹងរៀបចំនាពេលខាងមុខនេះសម្រាប់ផ្សារភ្ជាប់ការវិនិយោគ និងពាណិជ្ជកម្ម ក្នុងវិស័យកសិកម្ម
(ភ្នំពេញ)៖ ក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម Darkey Africa ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំកម្ពុជា ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីការរៀបចំកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ (CAFE25) នាពេលខាងមុខនេះ ដែលជាកម្មវិធីសម្រាប់ផ្សារភ្ជាប់ការវិនិយោគ និង ពាណិជ្ជកម្ម ក្នុងវិស័យកសិកម្ម ហើយបានអញ្ជើញគណៈប្រតិភូ ព្រមទាំងវិនិយោគិន និង ធុរជនអាហ្វ្រិកខាងត្បូងឱ្យចូលរួម ដើម្បីស្វែងយល់ពីកសិផលសក្តានុពលកម្ពុជា សំដៅបង្កើនការវិនិយោគកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។
ជំនួបពិភាក្សានេះធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នាទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងមានបំណងចង់ផ្សព្វផ្សាយអំពីកសិផលសក្តានុពលរបស់កម្ពុជា ជូនដល់វិនិយោគិន និងធុរជនអាហ្រ្វិកខាងត្បូង ដើម្បីពង្រីកនិងពង្រឹងកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕
ប្រភព ៖ ក្រសួងកសិកម្ម






