កូរ៉េខាងត្បូង ជប៉ុន និង អាមេរិកត្រៀមបង្ហាញសាច់ដុំប្រឆាំងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង

សេអ៊ូល ៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ប្រកាសថា កូរ៉េខាងត្បូង ជប៉ុន និង សម្ព័ន្ធមិតអាមេរិក នឹងធ្វើការបង្ហាញសាច់ដុំយោធារួមគ្នាទ្រង់ទ្រាយធំមួយ តាមរយៈការធ្វើសមយុទ្ធការពារប្រចាំឆ្នាំរួមគ្នា។

ល្បែងសង្គ្រាមនេះ នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី១៥ ខែកញ្ញាខាងមុខ ក្នុងគោលបំណងលើកកម្ពស់វាយលុកផ្លូវអាកាស ពង្រឹងសមត្ថភាពកងទ័ពជើងទឹក និង ប្រព័ន្ធអ៊ីនធឺណិត សំដៅប្រឆាំងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ យ៉ាងណាមិញ មិនមានព័ត៌មានលម្អិតបន្ថែមទៀត ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធនោះទេ រួមទាំងចំនួនទាហាន ឬប្រភេទសព្វាវុធដែលពាក់ព័ន្ធ។

នាយសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហ្វឹកហាត់ទ្រង់ទ្រាយធំនេះ ត្រូវបានគេដាក់មានរហ័សនាមថា Freedom Edge គឺជាសមយុទ្ធប្រចាំឆ្នាំដែលរៀបចំឡើងផ្តោតចម្បងការស្វែងរកសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយសមយុទ្ធនេះនឹងធ្វើឡើងស្របតាមច្បាប់អន្តរជាតិ។

គួរកត់សម្គាល់ សមយុទ្ធនេះក៏ធ្វើឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូង និងអាមេរិកបានហ្វឹកហ្វឺនទ្រង់ទ្រាយធំរយៈពេលអស់ ១០ថ្ងៃកាលពីខែមុន ដើម្បីវាយតម្លៃការត្រៀមខ្លួនការពារនៃកងទ័ពទាំងពីរ ប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង ប៉ុន្តែទីក្រុងព្យុងយ៉ាងបានរិះគន់ធ្ងន់ៗថា ជាភស្តុតាងបង្ហាញពីចេតនាបង្កអរិភាពរបស់សម្ព័ន្ធមិត្តទាំងពីរប្រឆាំងកូរ៉េខាងជើង៕

ប្រភព ៖ NK News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner