អភិបាលខេត្តកំពត៖ ម្លប់នៃសន្តិភាពបានផ្ដល់ឱ្យពលរដ្ឋនូវកម្មសិទ្ធិស្ទើគ្រប់យ៉ាង ជាមួយនឹងការរស់នៅ ដោយភាពសុខសាន្ត
កំពត៖ ក្រោមម្លប់នៃសុខសន្តិភាពដែលកម្ពុជាមានរហូតមកដល់សព្វថ្ងៃនេះ គឺបានផ្តល់នូវអ្វីៗគ្រប់យ៉ាងសម្រាប់ប្រជាជន និងប្រទេសជាតិ។ ម្លប់សន្តិភាពនេះដែរក៏បានផ្តល់នូវកម្មសិទ្ធិស្ទើគ្រប់យ៉ាងដល់ពលរដ្ឋ ដែលមានដូចជា ដីធ្លី ផ្ទះសម្បែង កន្លែងលក់ដូរជាដើម។ល។ រួមនឹងការរស់នៅប្រកបដោយភាពសុខសាន្ត។
នេះជាប្រសាសន៍របស់ ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពត លើកឡើង ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនច្ឆ័យនៅស្រុកដងទង់ ខេត្តកំពតកាលពីចុងសប្ដាហ៍កន្លងទៅនេះ
ឯកឧត្តមអភិបាលខេត្តបានបន្តថាអស់រយៈកាលច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋស្ទើរគ្រប់តំបន់មិនមានបណ្ណកម្មសិទ្ធិលើដីធ្លី និងផ្ទះសម្បែងនោះឡើយ ដែលធ្វើឱ្យការប្រើប្រាស់ដីធ្លី និងការទាញយកប្រយោជន៍ពីដីធ្លីមិនអស់សក្តានុពលនៃដី។ប្រការនេះបណ្ដាលមកពីប្រទេសជាតិយើងកើតមានសង្គ្រាមជាបន្តបន្ទាប់ ដែលបង្ខំឱ្យប្រជាពលរដ្ឋត្រូវរត់ភៀសខ្លួនពីតំបន់មួយទៅតំបន់មួយ ។ជាក់ស្ដែងជំនាន់ ប៉ុល ពត កម្មសិទ្ធិលើដីធ្លីទាំងអស់ត្រូវបានដកនិង ដាក់បញ្ចូលជាកម្មសិទ្ធិសមូហភាព។
យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា សម្រាប់ពិធីនាពេលនេះ មានការចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន២ភូមិ គឺភូមិឈ្លីតលើ និងភូមិត្រពាំងអណ្តូង ដែលមានក្បាលដីសរុបចំនួន ៣.១៩៨ក្បាលដី ស្មើនឹង ១.៦៤២គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន២ភូមិ គឺភូមិឈ្លីតក្រោម និងភូមិដំណាក់ត្រយឹង ដែលមានក្បាលដីសរុបចំនួន ៤.០៣១ក្បាលដី ស្មើនឹង ១.៨៧១គ្រួសារ រួមនឹងការចែកបណ្ណពន្ធសូន្យដល់ពលរដ្ឋចំនួន ១៤.៤០៧បណ្ណផងដែរ៕
ដោយ៖ សិលា សារិន




