សិក្ខាកាម ២៥រូប មកពី ៨ រាជធានីខេត្ត ទទួលបានការបណ្តុះបណ្តាលវគ្គគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥
(ស្វាយរៀង)៖ យោងតាមផែនការកសាងធនធានមនុស្សប្រកបដោយគុណផល និងប្រសិទ្ធភាពខ្ពស់ ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទទួលបានចំណាឯកភាព ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា ឱ្យសហព័ន្ធសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង បើកវគ្គបណ្តុះបណ្តាលវគ្គគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥។ ដែលវគ្គនេះ បើកដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម ម៉ាអូរី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទទួលបន្ទុកបច្ចេកទេស នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ។

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥ ដំណើររយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៧ដល់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួមចំនួន២៥រូប តំណាងឱ្យមន្ទីរអប់រំយុវជននិងកីឡា និងក្រសួងស្ថាប័ន ចំនួន៨រាធានីខេត្ត មានដូចជា៖ មន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់ .មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង.មន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យ.មន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ.មជ្ឈមណ្ឌលកីឡាកងយោធពលខេរភូមិន្ទ.បញ្ជោកការដ្ឋានកងទ័ពជើងទឹក. អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ.និងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។

ខ្លឹមសារសំខាន់សម្រាប់បណ្តុះបណ្តាលមានចំនួន១៣រួមមាន ១.ប្រវត្តទូកប្រពៃណីខ្មែរបុរាណ ២.ប្រវត្តទូកងរវែងជាងគេបំផុត ៣.ខ្នាតទូកងរ ៤.គោលបំណងក្នុងការបណ្តុះបណ្តាលគ្រូកម្រិតអន្តរជាតិ.៥.ចំណុះទូកឬចំនួនកីឡាករកីឡាការិនី ៦.ខ្នាតច្រវាអ៊ុំ ច្រវាកន្សៃនិងប្រពៃណី(ទូកនាគ) ៧.កិច្ចតែងការរបស់គ្រូបង្វឹកសម្រាប់មួយពេល ៨.ទម្រង់អ៊ុំទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) ៩.តួនាទីជាគ្រូបង្វឹក ១០.បច្ចេកទេសហាត់ទូកនាគ ១១.កម្មវិធីហ្វឹកហាត់ ១២.អនុវត្ត ដើរតួនាទីជាគ្រូបង្វឹក និងអនុវត្តជាមួយទូក ១៣.អនុវត្ត ដើរតួនាទីជាគ្រូ និងអនុវត្តជាមួយសម្ភារផ្នែកកម្លាំងកាយ(GYM)។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម ម៉ាអូរី បានជំរុញឱ្យសិក្ខាកាមយកចិត្តទុកដាក់ក្រេបជញ្ជក់ខិតខំរៀនសូត្រ ដើម្បីនាំយកចំណេះជំនាញនាំយកទៅបង្ហាត់បង្រៀនចែករំលែកដល់កីឡាករកីឡាការិនី និងមន្រ្តីបច្ចេកទេស ក្នុងន័យពង្រីកធនធានមនុស្សឱ្យមានសក្កានុពលត្រៀមការប្រកួតដោយគុណភាពក្នុងការប្រកួតថ្នាក់ជាតិដែលរៀបចំដោយសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា ។

សូមបញ្ជាក់ថា វគ្គគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥ បង្ហាត់ដោយគ្រូឧទ្ទេស ២រូប គឺ លោក ស្រ៊ុន លាង និង លោក ណាញ ណាញធូ គ្រូបង្វឹកជនជាតិមីយ៉ាម៉ា ៕
រូបភាព ៖ សហព័ន្ធ
អត្ថបទ ៖ ជាវ ចន្ធូ
