ខេត្តកំពត គ្រោងនឹងបញ្ចប់ការវាស់វែងនិងចែកបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋនៅដំណាច់ឆ្នាំនេះ
កំពត៖ខេត្តកំពតដែលកំពុងទាក់ទាញទេសចរជាតិ អន្តរជាតិខ្លាំងតាមរយៈសមិទ្ធផលទេសចរណ៍ជាច្រើននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានប្រកាសថា ខេត្តជាប់ឆ្នេរសមុទ្រមួយនេះគ្រោងនឹងបញ្ចប់ការវាស់វែងដីធ្លី និងចែកបណ្ណកម្មសិទ្ធជូនប្រចាពលរដ្ឋនៅដំណាច់ឆ្នាំ២០២៥នេះ។

ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្រុកឈូក បិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ក្នុងស្រុកឈូក ខេត្តកំពត កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តលោក ព្រាប សុផាត បានឱ្យដឹងថា អនុវត្តគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលនិង មានការដឹកនាំផ្ទាល់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះការចុះវាស់វែង ចុះបញ្ជី និងការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋក្នុងខេត្តសម្រេចបានជាង ៦៧ម៉ឺនក្បាលដី ស្មើនឹងជាង ៩៨ភាគរយ លើក្បាលដីសរុបប្រមាណជាង ៧៧ម៉ឺនក្បាលដីក្នុងខេត្ត ។លោកបន្ថែមថា ខេត្តគ្រោងនឹងបញ្ចប់ការវាស់វែង និងចែកបណ្ណសម្គាល់កម្មសិទ្ធជូនប្រជាពលរដ្ឋនៅដំណាច់ឆ្នាំនេះ។

កត្តាដែលជំរុញឱ្យការងារចុះវាស់វែងចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិបានលឿនដូចនេះ គឺដោយសារមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏ដូចជាការផ្សព្វផ្សាយពីផលលំបាកអំពីវិវាទដីធ្លី។លោកបន្ថែមថាឯកឧត្តមអភិបាលខេត្តតែងតែគិតគូរដោះស្រាយបញ្ចប់នូវរាល់ទំនាស់ផ្សេងៗ ពិសេសទំនាស់ដីធ្លី ហើយបានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃបណ្ណកម្មសិទ្ធិដីធ្លី។

មានវត្តមានក្នុងឱកាសនេះដែរឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានគូសរំលេចថា ការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋទើបតែមានក្នុងអាណត្តិដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលដែលលោកបានស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ។ឯកឧត្តមបន្ថែមថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ហើយបន្តរហូតមកដល់ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ដេចក៏នៅតែគិតគូរជំរុញឱ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញពន្លឿនក្នុងការចុះវាស់វែង ក៏ដូចជាចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានឆាប់បំផុត៕
ដោយ៖ សិលា សារិន

