សិស្ស និស្សិតកម្ពុជា មានឱកាសសិក្សាបន្តនៅសហរដ្ឋអាមេរិក តាមរយៈ​ការរៀបចំពិព័រណ៍ការសិក្សា​នៅសហ​រដ្ឋ​អាមេរិកឆ្នាំ ២០២៥

សៀមរាប៖ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានប្រារព្ធពិព័រណ៍ការសិក្សានៅ​សហរដ្ឋអាមេរិកឆ្នាំ២០២៥កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រុងសៀមរាប ខេត្តសៀមរាប។ពិព័រណ៍សិក្សានេះរៀបចំជាពីរវគ្គ។វគ្គទី​១​នៅ​ខេត្ត​សៀមរាបនៅសណ្ឋាគារសោម៉ាទេវី អង្គរសៀមរាបនិងវគ្គទី២ នៅថ្ងៃទី១០ ខែកញ្ញាសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។

អ្នករៀបចំកម្មវិធីបញ្ជាក់ថា ពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិកឆ្នាំ ២០២៥ (EducationUSA Fair 2025) រៀប​ចំឡើងដើម្បីផ្សព្វផ្សាយឱកាស​សិក្សា​សម្រាប់សិស្ស និស្សិត និងអាណាព្យាបាល ដែលមានការចំណាប់អារម្មណ៍​ចង់ទៅសិក្សានៅសហរដ្ឋអាមេរិកអាចទាក់ទងដោយផ្ទាល់ ជាមួយតំណាង​នៃស្ថាប័នឧត្តមសិក្សាជាង១០ មកពី​សហរដ្ឋអាមេរិក។ពិព័រណ៍នេះក៏​ដើម្បី​ផ្តល់​ឱកាស​ស្វែងយល់អំពីអត្ថប្រយោជន៍នៃការសិក្សានៅថ្នាក់​ឧត្តមសិក្សា​នៅអាមេរិក។

លោកស្រីប្រធានស្តីទីផ្នែកកិច្ចការសាធារណៈបានបញ្ជាក់ថា នេះជាឱកាស​សម្រាប់សិស្ស និស្សិត និងអាណាព្យាបាល និងអ្នកផ្តល់ប្រឹក្សាអប់រំ មក​ជួបជុំដើម្បីបានជជែកផ្ទាល់ជាមួយសាកលវិទ្យាល័យ មហាវិទ្យាល័យ ដើម្បបានស្វែងយល់​បន្ថែមពីឱកាសក្នុងការសិក្សានៅសហរដ្ឋអាមេរិក។លោកស្រីបន្តថាយើងក៏មានមន្ត្រីផ្នែកកុងស៊ុលនៃស្ថានទូតអាមេរិក នឹងជួប​ជជែកជាមួយសិស្សនិស្សិត ពីរបៀបដាក់ពាក្យយកទិដ្ឋាការអាមេរិក ដើម្បីឱ្យប្រាកដថាសិស្សនិស្សិតអាច​ចេះ​របៀបដាក់ពាក្យ ឱ្យចេះអនុវត្តនូវ​ច្បាប់អន្តោប្រវេសន៍អាមេរិក ពេលគេទៅដល់អាមេរិក។

លោកស្រីបន្តថា យើងមានការិយាល័យប្រឹក្សានៅទីនេះ ដែលសិស្ស និស្សិត​អាចមកទទួល​ការ​ផ្តល់ប្រឹក្សា​ដោយ​មិន​មានការរើសអើស និងស្វែងយល់ពី​ការដាក់ពាក្យទៅអាមេរិក។ យើងក៏មានពិព័រណ៍នេះ នៅថ្ងៃពុធ នៅទីក្រុង​ភ្នំពេញ​ដែលនឹងមានការនិយាយពីអាហារូបករណ៍ និយាយពីការផ្លាស់ប្តូរ​ទស្សនកិច្ចសិក្សានៅអាមេរិក។

លោកស្រីបញ្ជាក់ថា សហរដ្ឋអាមេរិក ជាកន្លែងគោលដៅមួយដែល​ឈានមុខគេលើវិស័យអប់រំគ្រប់ជំនាញ។ មុខ​ជំនាញដែលគេចូល​ចិត្តជាងគេមួយគឺ វិស័យ STEM ដែលនិស្សិតអាចសិក្សាពីវិស័យបច្ចេកវិទ្យា ហើយត្រឡប់​មកកម្ពុជាវិញធ្វើការអភិវឌ្ឍប្រទេសរបស់ខ្លួន ជួយសង្គមជាតិ។

លោកស្រីបានបង្ហាញនូវការកត់សម្គាល់ថា ចំនួននិស្សិកម្ពុជា ទៅសិក្សា​នៅអាមេរិក មានការកើនឡើងពី​មួយឆ្នាំ​ទៅមួយឆ្នាំ ចាប់តាំងពីឆ្នាំ២០១២ ។ចំនួននេះកើនឡើង៣ ដង។លោកស្រីសង្ឃឹមថា នៅឆ្នាំនេះ​ដែលជា​ខួបលើកទី ៧៥ នៃការប្រារព្ធខួបទំនាក់ទំនងការទូតអាមេរិកកម្ពុជា នឹងទទួលបាន​ចំនួននិស្សិតសិក្សានៅអាមេរិក កើនឡើង​ថែមទៀត ខណៈបច្ចុប្បន្នមាន​ប្រហែលនិស្សិតមួយពាន់នាក់កំពុងសិក្សានៅសហរដ្ឋអាមេរិក។ចំនួននេះ មានការ​កើនឡើង ៥៥ភាគរយ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តសៀមរាប មានប្រសាសន៍ថា កម្មវិធីពិព័រណ៍កា​រសិក្សា​នៅសហរដ្ឋអាមេរិកឆ្នាំ២០២៥ នេះពិតជាល្អសម្រាប់សិស្ស និស្សិត ។លោកសង្ឃឹមថាពួកគាត់មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការទៅបន្តការសិក្សានៅក្រៅប្រទេសបាន ។លោកបន្តថា តាមរយៈពិព័រណ៍នេះនឹងធ្វើឱ្យ​សិស្ស និងអាណាព្យាបាល បានស្វែងយល់ពីលក្ខខណ្ឌផ្សេងៗសម្រាប់ការជ្រើសរើសឱកាសទៅសិក្សានៅក្រៅប្រទេស៕
ដោយ៖ ប៊ុន រដ្ឋា

ads banner