សម្ដេចតេជោ ហ៊ុន សែន ៖ វត្តមានរបស់ឯកឧត្តមប្រធានាធិបតី​ហ្វីលីពីនពេលនេះ បានបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ រវាងប្រទេស​ទាំងពីរ

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកវត្តមានរបស់ឯកឧត្តម​ប្រធានា​ធិបតីហ្វីលីពីន នៅកម្ពុជានាពេលនេះ បាន បង្ហាញពីចំណង​មិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ គឺកម្ពុជា និងហ្វីលីពីន ។សម្ដេចតេជោ​បានបន្ថែមថា ពិធីលៀង​សាយភោជន៍​នេះ មិនត្រឹមតែជាការទទួល​ស្វាគមន៍​ជាផ្លូវរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំ​នៃប្រទេស​​​ទាំងពីរ បានជួបជុំគ្នា និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិ​ការ​ទ្វេភាគី លើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ ។

ប្រសាសន៍នេះក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជូន ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ( FERDINAND ROMUALDEZ MARCOS Jr. )ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពេលដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។

ក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានសេចក្តី​សោមនស្សរីករាយយ៉ាងក្រៃលែង​ ក្នុងការរៀបចំពិធីលៀងសាយភោជន៍​ជូនជាកិត្តិយសចំពោះឯកឧត្តមប្រធា​នា​​ធិបតី និងលោកជំទាវទី១ ព្រមទាំង​គណៈប្រតិភូជាន់ខ្ពស់ហ្វីលីពីន ដែលបានអញ្ជើញមកបំពេញ​ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

សម្ដេចបានអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនហ្វីលីពីន​ដែលសម្រេចបានសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់​ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គម។ កម្ពុជាវាយតម្លៃ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅជាមួយហ្វីលីពីន។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ប្រទេសយើងទាំងពីរមាន​កិច្ចសហប្រតិបត្តិការល្អប្រសើរទាំងក្នុងក្របខណ្ឌ​ទ្វេភាគី តំបន់ និងអន្តរជាតិ។ យើងពេញចិត្តចំពោះការរីកចម្រើននៃភាពជាដៃគូដ៏រឹងមាំ ដែលបានកសាងឡើងផ្អែកលើ​មូលដ្ឋាន​នៃការជឿទុកចិត្តគ្នា ការគោរពគ្នា និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

សម្ដេចតេជោបានបន្តថា ទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅហ្វីលីពីន​កាលពីខែកុម្ភៈកន្លងទៅនេះ និងជំនួបរបស់សម្តេចធិបតីជាមួយឯកឧត្តមប្រធានាធិបតីផ្ទាល់នាពេលថ្មីៗនេះនៅ​ប្រទេសម៉ាឡេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមនាពេលនេះ ជាសក្ខីភាព​នៃទំនាក់ទំនងដ៏ជិតស្និទ្ធ និងរឹងមាំរវាងប្រទេសទាំងពីរ។ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការតភ្ជាប់ គឺជាសសរស្តម្ភ​ដ៏សំខាន់ ដែលធ្វើឱ្យទំនាក់ទំនងកម្ពុជា-ហ្វីលីពីនកាន់តែរឹងមាំយូរអង្វែង និងមានភាពធន់ ហើយធ្វើឱ្យយើងយល់គ្នា​កាន់តែច្បាស់ និងកាន់តែស៊ីជម្រៅ។នេះជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញ​កិច្ចសហប្រតិបត្តិការឱ្យរីក​ចម្រើន​លើគ្រប់វិស័យ។

សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា សម្ដេចពិតជាមាន សេចក្តីរីករាយ ដែលបានផ្លាស់ប្តូរទស្សនៈត្រង់ទៅត្រង់មក ជាមួយ ឯកឧត្តមប្រធានាធិបតីលើកិច្ចការដែលជាការយកចិត្តទុកដាក់រួមដូចជា ការបំពេញបន្ថែមឱ្យគ្នាលើវិស័យ​សេដ្ឋកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យនានា​ ការផ្លាស់ប្តូរគ្រប់កម្រិត និងគ្រប់វិស័យក្នុងគោលបំណងលើក​កម្ពស់កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរដល់កម្រិតថ្មីមួយទៀត។ កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាង​សកម្ម នូវតួនាទីហ្វីលីពីនជាប្រធានអាស៊ានឆ្នាំ ២០២៦ ដើម្បីរួមគ្នាកសាងសហគមន៍អាស៊ានដ៏រឹងមាំ មានភាពធន់ និងប្រកបដោយបរិយាបន្ន និងមានប្រជាជន ជាស្នូល។ ភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេស​យើងទាំងពីរនឹងបន្តរីកចម្រើនជាលំដាប់ ទោះបីជាសភាពការណ៍តំបន់ និងពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ ។

ឯកឧត្តមប្រធានាធិបតី Marcos Jr. ក៏បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងបានសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។

ឯកឧត្តមបន្តថា ជំនួបដ៏ស្និទ្ធស្នាល និងប្រកបដោយផ្លែផ្ការវាងគណៈប្រតិភូយើងទាំងពីរ គឺជាសក្ខីភាពមួយនៃការប្តេជ្ញា​ចិត្តរួមរបស់យើង ក្នុងការធ្វើការជាមួយដៃគូដែលមានទស្សនវិស័យដូចគ្នា ដើម្បីតំបន់មួយប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។

ឯកឧត្តម ជឿជាក់ថា នៅក្នុងឆ្នាំខាងមុខនេះ ចំណងមិត្តភាពរវាងប្រជាជនហ្វីលីពីន និងកម្ពុជានឹងកាន់តែរឹងមាំថែមទៀត ដែលមិត្តភាពនេះត្រូវបានថែទាំពូនជ្រំតាមរយៈអន្តរកម្មប្រកបដោយសុខដុមរមនា និងកិច្ចសហការ។នៅពេលអនាគត សូមឱ្យកិច្ចខិតខំប្រឹងប្រែងរបស់យើងត្រូវបានដឹកនាំដោយបំណងប្រាថ្នារួមរបស់យើង៖ ពោលគឺ ការការពារតំបន់របស់​យើងពីការគំរាមកំហែងឆ្លងដែនថ្មីៗ, ការសម្រេចបាននូវភាពធន់នៃសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្មក្នុងរង្វង់អាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវមជ្ឈភាពអាស៊ាន។

ឯកឧត្តមប្រធានាធិបតីបញ្ជាក់ថា គោលការណ៍ណែនាំទាំងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីជម្រៅនៃចំណងការទូត​របស់​យើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះសុខុមាលភាពរបស់ប្រជាជនយើង និងចំពោះ​សន្តិសុខនិងវិបុលភាពនៃតំបន់របស់យើង៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner