កសិផលសក្តានុពលកម្ពុជា មានគុណភាព​ល្អ និងរសជាតិឆ្ងាញ់ ដែលអាចនាំចូល​ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បាននាំ ឯកឧត្តម Francisco P.Tiu Laurel, Jr. រដ្ឋមន្រ្តីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន បំពេញទស្សនកិច្ចក្រុមហ៊ុន ខ្មែរហ្វ៊ូតគ្រុប និងសហគមន៍កសិកម្មទំនើបត្រាំកក់ នៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប និងគណៈប្រតិភូអមដំណើរ បានចុះត្រួតពិនិត្យរោងម៉ាស៊ីនកិនស្រូវ ភ្លក់នូវរសជាតិបាយដាំពីអង្ករកម្ពុជា និងការធ្វើបទបង្ហាញផ្តោតសំខាន់ទៅលើពូជស្រូវផ្ការំដួល សែនក្រអូប និងស្រងែ ជាពូជស្រូវក្នុងស្រុក ដាំដុះដោយសហគមន៍កសិកម្មទំនើបក្នុងតម្លៃតាមកិច្ចសន្យាផលិតកម្ម និងបានពិភាក្សាជាមួយតំណាងក្រុមហ៊ុនអំពីលទ្ធភាពជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញនាំគណៈប្រតិភូហ្វីលីពីន បន្តចុះត្រួតពិនិត្យកសិដ្ឋានបន្លែនៃសហគមន៍កសិកម្មទំនើបត្រាំកក់ ដែលផ្តោតទៅលើផលិតកម្មដំណាំបន្លែជាច្រើនប្រភេទរួមមាន៖ បន្លែស្លឹក ខាត់ណាដើម ប៉េងប៉ោះឈើរី ។ល។ ដែលមានតម្រូវការផងដែរ។

តាមរយៈដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី Francisco P.Tiu Laurel, Jr. បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដែលផ្តល់ធាតុចូលសំខាន់ៗអំពីកសិផលសក្តានុពលកម្ពុជា មានគុណភាពល្អ និងរសជាតិឆ្ងាញ់ ដែលអាចនាំចូលទៅកាន់ទីផ្សារប្រទេសហ្វីលីពីន និងជំរុញកសិ-ពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner