ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៨៨៣គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង ទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា
(កំពង់ឆ្នាំង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៨៨៣គ្រួសារ រួមមាន ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ដែលរស់នៅក្នុងក្រុងស្រុកចំនួន៨ នៃខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំនូវព្រះរាជបណ្តាំព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលទេសៈ ជាក់ស្តែងដូចជាពេលនេះជាដើម គឺផ្តល់ជូនប្រជាពលរដ្ឋដែលត្រូវការឲ្យជួយជាចាំបាច់ដោយផ្តោតលើមុខសញ្ញាអាទិភាពមានជីវភាពខ្វះខាតបំផុតដូចជា ចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយមានកូនច្រើនក្នុងបន្ទុក កុមារកំព្រា ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ ។ល។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ផ្តល់ជូននាពេលនេះដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ ( មុង១ ភួយ១ សារុង១ ក្រម៉ា១ ) ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ សាប៊ូកក់សក់១ដប ម្សៅសាប៊ូ១កញ្ចប់ ភេសជ្ជ:បាកាស ១យួរ ( ៦កំប៉ុង ) និងថវិការ ៣ម៉ឺនរៀល ។ ដែលអំណោយទាំងនេះ ទទួលបានពីសប្បុរសជននានា តាមរយៈកាកបាទក្រហមកម្ពុជា ។ បន្ទាប់មកលោកជំទាវព្រមទាំងសហការី បន្តចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋទៅដល់ខ្នងផ្ទះដែលពួកគាត់ពុំមានលទ្ធភាពមកទទួលអំណោយដោយផ្ទាល់បានមួយចំនួនផងដែរ ។
សូមជម្រាបជូនថា ការផ្តល់អំណោយមនុស្សធម៌នេះ ធ្វើឡើងនៅទីតាំងចំនួនបីផ្សេងគ្នា ដោយទីតាំងទី១ នៅបរិវេណសាលាខេត្តកំពង់ឆ្នាំង ទីតាំងទី២ នៅព្រលានយន្តហោះកំពង់ឆ្នាំង និងទីតាំងទី៣ នៅបរិវេណសាលាស្រុកកំពង់ត្រឡាច ៕






ដោយ / គ្រី សម្បត្តិ