អភិបាលខេត្តកំពង់ចាមអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពជួរមុខពីររូប កំពុងសម្រាកព្យាបាលជំងឺ
កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាមអមដំណើរដោយលោក គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោក អូត ឈាងលី ប្រធានកិត្តិយសអនុសាខាស្រុកកាលពីថ្ងៃទី១០ ខែកញ្ញា បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពពីររូបដែលកំពុងសម្រាកព្យាបាលជំងឺ
នៅនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ។
វីរកងទ័ពដែលមានជំងឺគឺ នាយចំណង់ យឹង យីង អាយុ៦០ឆ្នាំរស់នៅឃុំបាធាយនិង លោកព្រឹន្ទបាលឯក ដួង ចិន្ត្រា អាយុ ៤៧ ឆ្នាំ រស់នៅឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ជាវីរកងទ័ពជួរមុខទិសប្រាសាទតាក្របី ។
ដោយមានបញ្ហាសុខភាពវីរយុទ្ធជនជួរមុខទាំងពីររូប ត្រូវបានបញ្ជាការអង្គភាពអនុញ្ញាតច្បាប់វិលមកមូលដ្ឋាន ហើយបានចូលសម្រាកព្យាបាលជំងឺកាលពីថ្ងៃទី៨ ខែកញ្ញា ដោយសេវាពិនិត្យ ព្យាបាល ជាបន្ទុកទាំងស្រុងរបស់មន្ទីរពេទ្យបង្អែកស្រុក ។
ក្នុងឱកាសនេះឯកឧត្តម អ៊ុន ចាន់ដា បានកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពទាំងពីររូប ដែលបានលះបង់គ្រួសារប្រពន្ធ កូន ទៅបំពេញបេសកកម្មការពារជាតិការពារបូរណភាពទឹកដី ប្រឆាំងសត្រូវឈ្លានពាន។ឯកឧត្តមជូនពរឱ្យឆាប់ជាសះស្បើយ។
ឯកឧត្តមក៏បានជូននូវអំណោយមាន អង្ករ គ្រឿងឧបភោគ បរិភោគ ត្រីខ ផ្លែឈើស្រស់ និង ថវិកាចំនួនមួយលានរៀលដល់វីរកងទ័ពម្នាក់៕
ដោយ៖លី ពៅ