សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា​កម្ពុជា ​ចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និ​បាត​អន្តរ​សភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត តាន់​ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធាន​រដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងជាប្រធាន AIPA លើកទី៤៦ ។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ី​ធ្វើជាម្ចាស់​ផ្ទះ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សភាដើរតួនាទីនាំមុខដើម្បីអាស៊ានមាន​កំណើន​ប្រកបដោយចីរភាព និងបរិយាបន្ន”។

អំឡុងពេលអញ្ជើញចូលរួមមហាសន្និបាតនេះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញចូល​រួម​កិច្ច​ប្រជុំសំខាន់ៗ រួមមាន៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិដើម្បី​កំណត់របៀប​វារៈ និងដំណើរការនៃមហាសន្និបាត និងការពិភាក្សាអនុម័តលើការងារសំខាន់ៗ របស់​អគ្គ​លេខាធិការដ្ឋានអាយប៉ាផងដែរ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា​នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាអ្នកនយោបាយស្រ្តីលើកទី២ ព្រមទាំង​អញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាត ជាដើម។

ទន្ទឹមនឹងនេះ សមាជិកគណៈប្រតិភូសភាកម្ពុជាផ្សេងទៀតក៏នឹងអញ្ជើញចូលរួមកិច្ច​ប្រជុំតាមគណៈកម្មាធិការនានារបស់អាយប៉ា រួមមាន កិច្ចប្រជុំគណៈកម្មាធិការស្រ្តី (WAIPA) កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច កិច្ចប្រជុំគណៈកម្មាធិការបូកសរុប កិច្ចប្រជុំ​សមា​ជិកសភាវ័យក្មេង (YPA) និងកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍អាយប៉ាប្រមាណ​១៦ ប្រទេសផងដែរ។

អាយប៉ា ជាវេទិកាស្ថាប័ននីតិប្បញ្ញត្តិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ មហាសន្និ​បាតអាយប៉ាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺជាវេទិកាសភាសំខាន់​នៅក្នុងតំបន់​ដែលផ្តល់ឱកាសដល់តំណាងរាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបជុំគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ទស្សនៈ និងស្វែងរកយុទ្ធសាស្រ្ត និងគន្លឹះនានាដើម្បីរួមចំ​ណែក​​ដល់ការលើកកម្ពស់វប្បធម៌សន្ទនា ការចរចា និងការដោះស្រាយបញ្ហាប្រឈម​ដោយសន្តិវិធី ក៏ដូចជារួមចំណែកជាមួយអាស៊ាន ដែលជាស្ថាប័ននីតិប្រតិបត្តិក្នុងការ​ឈាន​ទៅ​សម្រេចបានសហគមន៍អាស៊ានឆ្នាំ២០៤៥ ប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព ដោយយកប្រជាពលរដ្ឋជាស្នូល ។

វត្តមានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានៅក្នុងមហាសន្និបាតនេះមិនត្រឹមជាការរួមចំណែកពង្រឹងយន្តការសភា និងលើកកម្ពស់គោលការណ៍ពហុនិយមប៉ុណ្ណោះទេ តែ​ក៏​ជា​ឱកាសដែលសភាកម្ពុជាពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​និងពហុភាគី ជាមួយបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍នានា ដើម្បីនាំមកនូវផល​ប្រយោជន៍ជូនពលរដ្ឋទំាងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ និងទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំាងក្នុងតំបន់និងសកល​លោក។

ក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងគូឡាឡំាពួ សម្តេចរដ្ឋសភាធិបតី គ្រោងនឹងជួប​ពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំគណៈប្រតិភូសភាបណ្តាប្រទសមួយចំនួន ដែល​ជាសមាជិកអាយប៉ា សភាសង្កេតការណ៍អាយប៉ា និងដៃគូអភិវឌ្ឍន៍នានា ដើម្បី​ពង្រឹង​​ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ​រវាងកម្ពុជាជាមួយ​សកល​លោក ឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយ ដោយតម្កល់នូវផលប្រយោជន៍​ពល​រដ្ឋជាអាទិភាព៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner