សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលនិងផ្តល់​អំណោយជាលើកទី២ ដល់សមាជិកមូលនិធិ​ត្រីចក្រយានកម្ពុជា

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញជួបសំណេះសំណាល​និងផ្តល់អំណោយមនុស្សធម៌ជាលើកទី២ ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ)ចំនួន ៣៨៦នាក់ ក្នុង​រាជធានីភ្នំពេញ នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាកាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ។

ក្នុងជំនួបដ៏កក់ក្តៅពោរពេញដោយមនោសញ្ចេតនា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវ​ព្រះរាជបណ្តាំសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ដែលមានព្រះទ័យនឹករលឹក និងគិតគូរខ្វល់ខ្វាយគ្រប់ពេលវេលា​ដល់ប្រជារាស្ដ្ររបស់លោកទាំងទ្វេនិងបានផ្ដាំផ្ញើជូនពរដល់សមាជិកនៃមូលនិធិទាំងអស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតក៏បានរំលឹកផងដែរថា នេះជាជំនួបលើកទី២ ខណៈលើកទី១កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ។ការជួបនេះទៀតសោត ក៏ស្របនឹងថ្ងៃកាន់បិណ្ឌទី៤។ ក្នុងនាមប្រជាជនយើងគោរពយ៉ាង​ខ្ជាប់ខ្ជួន​នូវព្រះពុទ្ធសាសនា គឺតែងតែធ្វើចង្ហាន់ ព្រមទាំងទេយ្យវត្ថុ និងបច្ច័យទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាម​បណ្ដា​វត្ដអារាមនានា ។ដូចនេះហើយអំណោយមនុស្សធម៌ ដែលបានចែកជូនលោកពូ លោកអ៊ំ លោកតានាពេលនេះ ដែលមានជា គ្រឿងឧបភោគ បរិភោគ និងបច្ច័យផង គឺអាចយកទៅធ្វើបុណ្យទានក្នុងឱកាសកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងសម្រាប់ផ្ញើជូនដល់ក្រុមគ្រួសារផងដែរ។

សូមជម្រាបថា អំណោយមនុស្សធម៌ដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានចែកជូនសមាជិក​មូលនិធិត្រី​ចក្រយានកម្ពុជា ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មីមួយកេស, ត្រីខមួយកេស, ប្រេងឆាមួយដប, ទឹកស៊ីអ៊ីវមួយយួរ, ភេសជ្ជៈបាកាសមួយយួរ, ទឹកក្រូចមួយកេស, ឃីតមួយកញ្ចប់ និងថវិកា៣០ម៉ឺនរៀល រួមជាមួយ​អាហារពេលព្រឹក។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជាបានឱ្យដឹងថាសមាគមមូលនិធិត្រីចក្រយានកម្ពុជា ត្រូវបាន​បង្កើត​ឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន និងត្រូវបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវតាមច្បាប់នៃ​ព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រកាសលេខ១៩០ ប្រក ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ របស់​ក្រសួងមហាផ្ទៃ៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner