ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងប្រចាំនៅប្រទេសថៃ ស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅកម្ពុជា និងថៃ (GBC)

ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ពីការស្វាគមន៍ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា។

ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ បានបញ្ជាក់បន្ថែមថា លទ្ធផលនេះជាការបញ្ជាក់ជាថ្មីអំពីកិច្ចសហប្រតិបត្តិការដោយសន្តិវិធី ការដោះមីនមនុស្សធម៌ និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងព្រំដែន។

«យើងលើកទឹកចិត្តឱ្យភាគីទាំងពីរបន្តអនុវត្តផែនការដែលបានព្រមព្រៀងគ្នា ហើយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់អាស៊ានក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់»។ ជាមួយគ្នានេះ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ក៏បានបង្ហោះសារស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំនេះ របស់ស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសថៃផងដែរ៕
ដោយ៖ពលជ័យ

ads banner