រុស្ស៊ី និង បេឡារុសធ្វើសមយុទ្ធយោធាជិតព្រំដែនប៉ូឡូញ
មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា សមយុទ្ធយោធារុស្ស៊ី-បេឡារុស នឹងធ្វើឡើងនៅជិតព្រំដែនប៉ូឡូញ ចាប់ពីថ្ងៃសុក្រស្អែកនេះ ហើយវាគ្មានបំណងមានគោលដៅលើប្រទេសដទៃណាមួយនោះទេ។
សមយុទ្ធយោធារុស្ស៊ី-បេឡារុស
មានឈ្មោះថា Zapad 2025 នឹងធ្វើឡើងនៅលើទឹកដីប្រទេសបេឡារុស ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ ដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ។
លោក Peskov បានគូសបញ្ជាក់ថា សមយុទ្ធតាមគ្រោងទុកទាំងអស់នេះ គ្មានបំណងប្រឆាំងលើនរណាម្នាក់ទេ។ រុស្ស៊ី-បេឡារុសផ្តោតសំខាន់តែទៅលើការបន្តប្រតិបត្តិការយោធា និងធ្វើអន្តរកម្មរវាងសម្ព័ន្ធមិត្តយុទ្ធសាស្រ្តទាំងពីរប៉ុណ្ណោះ ។
ជាមួយគ្នានេះ លោក Peskov បានធ្វើការច្រានចោលសេចក្តីថ្លែងការណ៍របស់ប៉ូឡូញ និងប្រទេសអឺរ៉ុបផ្សេងទៀត ចំពោះការបាញ់ទម្លាក់យន្តហោះដ្រូនរុស្ស៊ីលើប្រទេសប៉ូឡូញ ដែលជារដ្ឋសមាជិកអង្គការណាតូថា គ្មានអ្វីថ្មីនោះទេ ហើយលោកនិយាយថា ទីក្រុងមូស្គូនឹងមិនធ្វើសេចក្តីអត្ថាធិប្បាយបន្ថែមទៀតនោះទេ ជុំវិញស្ថានភាពនេះ។
ទោះបីជាយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ប៉ូឡូញ អ៊ុយក្រែន និងលីទុយអានី បានថ្កោលទោសការឈ្លានពានដោយយន្តហោះដ្រូនរុស្ស៊ីលើដែនអាកាសប៉ូឡូញ ហើយពួកគេចាត់ទុកសកម្មភាពនេះថា ជាការបង្កហេតុដោយចេតនា និងមិនធ្លាប់មានពីមុនមក។
ជាងនេះទៅទៀត នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ប្រទេសប៉ូឡូញបានខិតទៅជិតជម្លោះបើកចំហបំផុតជាមួយរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទី២ ក្រោយរដ្ឋសមាជិកណាតូមួយនេះ បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់រុស្ស៊ី ដែលហោះនៅលើទឹកដីរបស់ប្រទេសខ្លួន៕
ប្រភព ៖ ស៊ីនហួរ និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

