លោកជំទាវ ចម និម្មល ៖ កម្ពុជាកំពុងប្រឹងប្រែងលើកកម្ពស់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលស្របទៅតាមចក្ខុវិស័យ

(ភ្នំពេញ)៖ កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងលើកកម្ពស់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាលកាលទី១ និងចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

ប្រសាសន៍លើកឡើងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកវេទិកាពាណិជ្ជកម្មឌីជី ថលកម្ពុជា និងពិព័រណ៍អនឡាញ ដែលបានធ្វើឡើងជាលើកទី២ នៅសាលបុរីកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ក្រោមមូលបទ “កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល” នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអង្គទូតជាមិត្ត ធុរជនជាតិ អន្តរជាតិ និងវិស័យឯកជនជាច្រើន។

លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា វេទិកាពាណិជ្ជកម្ម ឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកនេះ បង្កើតឡើងដើម្បីផ្តល់ការគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធនិងចំណេះដឹងផ្នែកឌីជីថល ការផ្សព្វផ្សាយអំពីក្របខ័ណ្ឌគោលនយោបាយ, ការធ្វើពិពិធកម្មទីផ្សារសម្រាប់ផលិតផលកម្ពុជា ដោយការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការពង្រឹងសមត្ថភាពរបស់វិស័យឯកជន ភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងពាណិជ្ជកម្មឌីជីថល និងបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនឥតឈប់ឈរ ជាពិសេសការលើកកម្ពស់សុវត្ថិភាពប្រព័ន្ធអនឡាញ ព្រមទាំងការលើកកម្ពស់ជំនឿទុកចិត្តរបស់អ្នកប្រើប្រាស់លើពាណិជ្ជកម្មឌីជីថល។

លោកជំទាវរដ្ឋមន្រ្តី បញ្ជាក់ថា ដើម្បីចូលរួមចំណែកកសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តខិតខំធ្វើបរិវត្តកម្មឌីជីថល តាមរយៈការដាក់ឱ្យប្រើប្រាស់សេវាធារណៈសំខាន់ៗ តាមថ្នាលអនឡាញ/ថ្នាលស្វ័យប្រវត្តិកម្ម ដែលក្នុងនោះរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីពាណិជ្ជកម្ម ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ប្រព័ន្ធស្វ័យប្រវត្តិកម្មស្នើសុំចុះបញ្ជីកម្មសិទ្ធិបញ្ញា និងការតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានាជាដើម។

លោកជំទាវមានសុទិដ្ឋិនិយមថា អ្នកចូលរួមនឹងទទួលបានការណែនាំ និងអភិបាលកិច្ចសម្រាប់ក្រមសីលធម៌នៃពាណិជ្ជកម្មអនឡាញ(AI & E-Commerce) ការកើនឡើងនៃទីផ្សារវៃឆ្លាត និងដំណើរឆ្ពោះទៅសកល ក៏ដូចជាបង្កើនការយល់ដឹងទៅលើការពង្រីកអាជីវកម្មទៅកាន់ទីផ្សារអន្តរជាតិសម្រាប់វិស័យ (SME) ការជឿទុកចិត្តរបស់អតិថិជន អត្តសញ្ញាណឌីជីថល និងរបៀបបង្កើនប្រាក់ចំណូលជាមួយបណ្តាញសង្គម ព្រមទាំងការដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មនានា តាមស្តង់ និងតាមរយៈថ្នាលបច្ចេកវិទ្យាឌីជីថល កាន់តែផុសផុលនិងមានសុវត្ថិភាព ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner