រុស្ស៊ីសម្ញែងសព្វាវុធ ក្នុងសមយុទ្ធជាមួយបេឡារុស

មូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ីបានសម្ញែងសព្វាវុធ ចូលរួមនៅក្នុងសមយុទ្ធយោធា ជាមួយប្រទេសបេឡារុស។

រូបភាពដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញពីកងកម្លាំងអាកាសរុស្ស៊ី រួមទាំង រថពាសដែក ឧទ្ធម្ភាគចក្រ និងនាវាកងទ័ពជើងទឹក ដែលចូលរួមក្នុងសមយុទ្ធយោធារួមគ្នា Zapad-2025 ឬ West-2025 ជាមួយនឹងប្រទេស បេឡារុស។

ប្រទេសបេឡារុស បានអះអាងថា សមាជិកផ្នែកខាងកើត របស់អង្គការណាតូ ដែលមានព្រំប្រទល់ជាប់រុស្ស៊ី និងបេឡារុស មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសមយុទ្ធនេះ ខណៈដែលសមយុទ្ធមួយចំនួន នឹងត្រូវធ្វើឡើង នៅក្នុងតំបន់ Grodno របស់ប្រទេសបេឡារុស ជាប់ព្រំដែនប៉ូឡូញ និង លីទុយអានី។

ភាពតានតឹងបានកើនឡើងខ្ពស់ នៅទូទាំងទ្វីបអឺរ៉ុប បន្ទាប់ពីប្រទេសប៉ូឡូញ បាននិយាយ កាលពីថ្ងៃពុធថា យន្តហោះគ្មានមនុស្សបើករុស្ស៊ី ចំនួន១៩គ្រឿងបានហោះហើរឆ្លងកាត់ ដែនអាកាសរបស់ខ្លួន ដែលក្នុងនោះ ៣ គ្រឿង ត្រូវបានបាញ់ទម្លាក់។

ប្រទេសប៉ូឡូញ និងសម្ព័ន្ធមិត្ត ប្រហែល៤០ប្រទេស បានបរិហារការឈ្លានពាន កាលពីថ្ងៃសុក្រ ដោយអំពាវនាវឱ្យទីក្រុងម៉ូស្គូ ជៀសវាង “ការបង្កហេតុ” បន្ថែមទៀត។

ប្រធានអង្គការ ណាតូ បាននិយាយថា សម្ព័ន្ធភាពនេះ នឹងពង្រឹងផ្នែកខាងកើតរបស់ខ្លួន បន្ទាប់ពីឧបទ្ទវហេតុនេះ ដោយក្នុងនោះ ប្រទេស ដាណឺម៉ាក បារាំង អង់គ្លេស និងអាឡឺម៉ង់ ចូលរួមចំណែក នៅប៉ុន្មានថ្ងៃ ខាងមុខ។

សមយុទ្ធយោធា រុស្ស៊ី-បេឡារុស
បាននិងកំពុងធ្វើឡើង នៅលើទឹកដីប្រទេសបេឡារុស ចាប់ពីថ្ងៃសុក្រ សប្តាហ៍នេះ រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ។

រុស្ស៊ី បានគូសបញ្ជាក់ថា សមយុទ្ធតាមគ្រោងទុកទាំងអស់នេះ គ្មានបំណងប្រឆាំងលើនរណាម្នាក់ទេ។ រុស្ស៊ី-បេឡារុស ផ្តោតសំខាន់តែទៅលើការបន្តប្រតិបត្តិការយោធា និងធ្វើអន្តរកម្មរវាងសម្ព័ន្ធមិត្តយុទ្ធសាស្រ្តទាំងពីរប៉ុណ្ណោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner