អ្នកមានមាត់ឆែប ក្រអូមឆែប រលាក និងពិការភាពមុខមាត់ផ្សេងៗនៅខេត្តបាត់ដំបង ទទួលបានការវះកាត់ដោយមិនយកប្រាក់
បាត់ដំបង៖ដោយមានការគាំទ្រពីរដ្ឋបាលខេត្ត ព្រមទាំងកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្តផង,អង្គការស្នាមញញឹមកម្ពុជា បានបើកបេសកកម្មវះកាត់ជូនដល់អ្នកមានជំងឺមាត់ឆែប ក្រអូមឆែប រលាក និងពិការភាពមុខមាត់ផ្សេងៗនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដោយឥតគិតថ្លៃរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកបេសកកម្មវះកាត់ជូនអ្នកជំងឺ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅនិងថ្លែងអំណរគុណ ជូនចំពោះអង្គការស្នាមញញឹមកុមារកម្ពុជាដែលបានចុះបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនមកកាន់ខេត្តបាត់ដំបង។ ឯកឧត្តមក៏គូសរំលេចដែរថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនិងនាយករដ្ឋមន្រ្តីបន្តវេន មកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកជាខ្លាំងចំពោះវិស័យសុខាភិបាលនិងសុខុមាលភាពរបស់ប្រជាជន។ទន្ទឹមនេះវិស័យសុខាភិបាល នាពេលបច្ចុប្បន្នក៏មានការរីកចម្រើនជឿនលឿន ,មានអ្នកឯកទេសជំនាញជាច្រើននាក់ ព្រមទាំងមានបំពាក់នូវសម្ភារៈបរិក្ខារសុខាភិបាលទំនើបៗទៀតផង។

លោកសាស្រ្តាចារ្យ នូ សារុំ តំណាងអង្គការស្នាមញញឹមកម្ពុជាបានឱ្យដឹងថា រហូតមកដល់ពេលនេះ អង្គការស្នាមញញឹមកម្ពុជាបានធ្វើការវះកាត់ដោយជោគជ័យ ជូនដល់អ្នកជំងឺ មាត់ឆែប ក្រអូមឆែប រលាក និងពិការភាពមុខមាត់ផ្សេងៗ បានចំនួនជាង ៦ ០០០នាក់រួចមកហើយ។ចំណែកសកម្មភាពមនុស្សធម៌នៅខេត្តបាត់ដំបង ក្នុងពេលនេះមានការចូលរួមពីក្រុមគ្រូពេទ្យ គិលានុបដ្ឋាកជាតិ និងអន្តរជាតិ ដែលមានបទពិសោធន៍ ដើម្បីផ្តល់ជូន នូវសេចក្ដីសង្ឃឹម និងស្នាមញញឹមថ្មីសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ៕
អត្ថបទ-រូបភាព÷ អ៊ុក សំអាន បប.


