សៀមរាប និងផឹងចូវ ចុះហត្ថលេខាលើអនុស្សរណៈស្ថាបនាសម្ព័ន្ធភាពពាណិជ្ជកម្ម និងទេសចរណ៍
សៀមរាប៖នៅសាលសន្និសីទសុខាសៀមរាប ខេត្តសៀមរាបកាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ មានប្រារព្ធព្រឹត្តិការណ៍“ស្វាគមន៍ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ។ពិធីនេះក៏មានការធ្វើបទបង្ហាញអំពីវប្បធម៌ និងទេសចរណ៍ដ៏ល្បីល្បាញនៃក្រុងទាំងពី គឺក្រុងផឹងចូវ ប្រទេសចិននិងក្រុងសៀមរាប ប្រទេសកម្ពុជា។លើសពីនេះក៏មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាក្នុងវិស័យពាណិជ្ជកម្ម និងការចងក្រងសម្ព័ន្ធភាពរវាងក្រុងទាំងពីរផងដែរ។

ព្រឹត្តិការណ៍“ស្វាគមន៍ឆ្នាំទេសចរណ៍ កម្ពុជា-ចិន” នៅខេត្តសៀមរាបបានប្រារព្ធឡើងក្រោមវត្តមានរបស់លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងលោក លាវ ទុន អគ្គលេខាធិការបក្សប្រចាំក្រុងផឹងចូវ ដែលជាអគ្គលេខាធិការគណៈកម្មាធិការបក្សនៃតំបន់ឧស្សាហកម្មផលិតសម្ភារៈថ្មី សួនឧស្សាហកម្មប្រេងឥន្ធនៈ និងគីមីវិទ្យាព្រមទាំងមានការចូលរួមពីអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប មន្ត្រីថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មខេត្ត ពាណិជ្ជករ និងប្រតិភូចិនជាច្រើនរូប។

ព្រឹត្តិការណ៍ខាងលើ គឺជាវេទិកាសំខាន់មួយក្នុងការផ្សព្វផ្សាយធនធានទេសចរណ៍ និងមរតកវប្បធម៌របស់ក្រុងមិត្តភាពផឹងចូវ និងសៀមរាប ព្រមទាំងជាជំហាននៃការចងក្រងស្ពានពាណិជ្ជកម្មថ្មីៗ។តាមរយៈព្រឹត្តិការណ៍និងអនុស្សរណៈដែលបានចុះហត្ថលេខាក្នុងពេលតែមួយ ក៏បានបង្ហាញច្បាស់ពីសក្តានុពលពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្សេងៗ ដែលជាកត្តាបង្កើនទំនុកចិត្តថា ក្រុងផឹងចូវ និងសៀមរាប នឹងបន្តសម្រេចបាននូវសមិទ្ធផលជាក់ស្តែងក្នុងវិស័យវប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម៕
ដោយ៖ ប៊ុន រដ្ឋា


