ទូតជប៉ុនប្រចាំកម្ពុជា នាំយកកញ្ចប់ជំនួយបន្ទាន់ទៅប្រគល់ជូនដល់ជនភៀសសឹក២០០គ្រួសារ នៅខេត្តព្រះវិហារ
ព្រះវិហារ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបាននាំយកកញ្ចប់ជំនួយបន្ទាន់ ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជន ជប៉ុនទៅប្រគល់ជូនដល់ជនភៀសសឹកចំនួន២០០គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។
ពិធីប្រគល់ជំនួយនេះធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក Nagashe Kensuke ឧបទូត និងជាអនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា រួមជាមួយតំណាងអង្គការយូនីសេហ្វ (UNICEF) និងអង្គការ IOM ប្រចាំនៅកម្ពុជា។
លោក Nagashe Kensuke បានថ្លែងថា ជំនួយនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ជម្លោះព្រំដែន។ លោកបន្តថា ជំនួយនេះត្រូវបានផ្តល់តាមរយៈអង្គការយូនីសេហ្វ និង IOM ដោយផ្តោតលើការផ្តល់សម្ភារៈចាំបាច់ ទីជម្រកបណ្តោះអាសន្ន ទឹកស្អាត និងការគាំទ្រផ្នែកផ្លូវចិត្ត ហើយលោកសង្ឃឹមថា ជំនួយនេះនឹងជួយឱ្យជនភៀសខ្លួន អាចកសាងជីវិតរបស់ពួកគេឡើងវិញបានឆាប់រហ័ស។
ឯកឧត្តមអភិបាលខេត្តព្រះវិហារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបង្ហាញពីភាពជាមិត្តដ៏ល្អ ដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់ជប៉ុនក្នុងការជួយដល់កម្ពុជា៕
ដោយ៖ឡុង សំបូរ








