មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) បង្ហាញពីភាពជោគជ័យ នៃ ការអភិរក្សសត្វខ្សឹបនៅកម្ពុជា និង ចែករំលឺកបទពិសោធន៍ដល់ប្រទេសផ្សេងទៀត
(ភ្នំពេញ)៖ ពួកយើងមានមោទនភាពក្នុងការចែករំលែកអំពីកម្មវិធីអភិរក្សសត្វខ្សឹបប្រកបដោយជោគជ័យរបស់ពួកយើងដែលកំពុងតែបំផុសក្តីសង្ឃឹមទៅដល់ប្រទេសផ្សេងៗទៀត។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះបានឱ្យដឹងថា ប្រទេសនេប៉ាល់ កំពុងពិចារណាទៅលើកម្មវិធីបង្កាត់ពូជនៅក្រៅដែនជម្រកធម្មជាតិសម្រាប់សត្វខ្សឹបដែលជាប្រភេទរងគ្រោះជិតផុតពូជបំផុត ដោយទាញយកការបំផុសគំនិតនូវគំរូប្រកបដោយជោគជ័យរបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អង្គការអភិរក្សសត្វស្លាបប្រទេសនេប៉ាល់ (Bird Conservation Nepal – BCN) មកកាន់មជ្ឈមណ្ឌលមួយនេះ កាលពីពេលកន្លងទៅ។
អង្គការមួយនេះបានឱ្យដឹងដែរថានាពេលបច្ចុប្បន្ន ចំនួនប្រជាសាស្ត្រសត្វខ្សឹបសេសសល់តិចជាង ១,០០០ ក្បាលនៅទូទាំងពិភពលោក។ហេតុនេះ រាល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សទាំងអស់សុទ្ធតែមានសារៈសំខាន់។ ប្រភេទសត្វស្លាបដ៏ពិសិដ្ឋដែលរស់នៅតាមតំបន់វាលស្មៅទាំងនេះកំពុងប្រឈមទៅនឹងសម្ពាធកើនឡើងពីការបាត់បង់ទីជម្រក ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងការរំខានពីសកម្មភាពរបស់មនុស្ស។
គួរបញ្ជាក់ថា កន្លងមកនេះមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះបានទទួលជោគជ័យក្នុងការ បង្កាត់ពូជនៅក្រៅដែនជម្រកធម្មជាតិនៅកម្ពុជា។
យ៉ាងណាក្តី ក្រុមអ្នកជំនាញបានបញ្ជាក់ថា សត្វខ្សឹបងាយនឹងទទួលរងភាពតានតឹងខ្លាំងណាស់ ដែលបណ្តាលឱ្យប្រតិបត្តិការនេះផុយស្រួយងាយនឹងបរាជ័យ ដូច្នេះទាមទារជំនាញឯកទេសដ៏ពិតប្រាកដ។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះបានលើកឡើងដែរថា”ភាពជោគជ័យនៃការអភិរក្សដ៏ពិតប្រាកដទាមទារវិធីសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលរួមបញ្ចូលទាំងការការពារ ព្រមទាំងការគ្រប់គ្រងនូវទីជម្រកតំបន់វាលស្មៅ ការការពារតំបន់មិនមែនជាជម្រកពងកូន ឬ (បង្កាត់ពូជ)នៅក្នុងទីវាលទំនាបកសិកម្ម ការចូលរួមជាមួយសហគមន៍មូលដ្ឋានជាដៃគូក្នុងការអភិរក្ស និងការកាត់បន្ថយផលប៉ះពាល់នានានៃការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត”។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានធ្វើការប្តេជ្ញាចិត្តចែករំលែកចំណេះដឹងរបស់ខ្លួន និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សនៅគ្រប់ទីកន្លែងដែលត្រូវការ។កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹង ធានាបានថាសត្វស្លាបដ៏អស្ចារ្យទាំងនេះនឹងនៅបន្តលម្អសម្រស់វាលស្មៅរបស់ពួកយើងសម្រាប់មនុស្សជំនាន់ក្រោយៗទៀត៕
ដោយ៖ម៉ាដេប៉ូ


