ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ ដ៏ធំជាងគេ នឹងប្រារព្ធឡើងចុងខែកញ្ញានេះ
(ភ្នំពេញ)៖ ក្នុងពេលកម្ពុជាយើងទាំងអស់គ្នាពហិកាលែងប្រើផលិតផលថៃ ឬ លែងពឹងលើផលិតពីរោងចក្រចេញប្រទេសថៃ ជាពិសេសចង់បង្កើតរោងចក្រ សិប្បកម្មដោយខ្លួនឯង តែពិបាករកដៃគូ រោងចក្រ សហការក្នុងការផលិត និងផ្គត់ផ្គង់ ។ បញ្ហានេះ ត្រូវបានវិស័យឯកជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានរួមគ្នាហើយ ដោយនឹងត្រៀមរៀបចំពិរព័រណ៌អាជីវកម្មកម្ពុជាចិនដ៏ធំប្រចាំឆ្នាំ២០២៥ នាពេលខាងមុខនេះ ដែលនឹងធ្វើឡើងចុងខែកញ្ញានេះតែម្តង ។
ចង់រកអ្នកផ្គត់ផ្គង់ ចង់បានគ្រឿងចក្រ ម៉ាស៊ីន ដើម្បីឆ្លើយតបនឹងការផលិតសម្រាប់ប្រជាជនខ្មែរ គឺលែងពិបាករកដៃគូសហការទៀតហើយ គឺយើងមានពិព័រណ៍ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ ជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដោយមានវត្តមានក្រុមហ៊ុនជាង ១០០សហគ្រាស និងអ្នកវិនិយោគចិនជាច្រើនចូលរួម ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងដៃគូសហការក្នុងការនាំចូល និងវិនិយោគនៅក្នុងប្រទេសកម្ពុជា ។
លោកបណ្ឌិត ឈួន វណ្ណសាក់ អគ្គនាយកក្រុមហ៊ុន Powerlive ដែលជាអ្នកទទួលរៀបចំ និងសម្របសម្រួលកម្មវិធីនេះ បានប្រាប់ឱ្យដឹងថា ពិរព័ណ៍ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ដ៏ធំជាងគេ ត្រៀមនឹងប្រារព្ធឡើងនាថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ គឺមានសមាគមចិនធំៗចំនួន៥ មកពីប្រទេសចិន រួមគ្នារៀបចំឡើង ដោយទទួលបានគាំទ្រពីក្រសួងពាណិជ្ជកម្ម និង សភាពាណិជ្ជកម្ពុជា ។
ព្រឹត្តិការណ៍នេះ ក៏នឹងមានការចូលរួមពីក្រុមហ៊ុនមកពីប្រទេសចិនជាង ១០០ស្តង់ និងស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាប្រមាណ ៥០០០នាក់ ទៅ ១០០០០នាក់ ក្នុងរយៈពេល ០៣ថ្ងៃ ។
លោកបណ្ឌិត ឈួន វណ្ណសាក់ បានបញ្ជាក់ថា ពិព័រណ៍នេះ នឹងបង្ហាញពីផលិតផលក្នុងវិស័យ គ្រឿងបន្លាស់យានយន្ត គ្រឿងអេឡិត្រនិច និងផលិតផលវាយនភ័ណ្ឌដោយមានសហគ្រាសមកពី ប្រទេសចិនប្រមាណជាង១០០សហគ្រាស និងអ្នកវិនិយោគចិនជាច្រើនចូលរួម ដើម្បីស្វែងរកដៃគូ ពាណិជ្ជកម្ម និងដៃគូសហការក្នុងការនាំចូល និងវិនិយោគនៅក្នុងប្រទេសកម្ពុជា ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍តាំងពិព័រណ៍នេះ ជាវេទិកាសម្រាប់តាំងបង្ហាញប្រភេទផលិតផលចេញពីវិស័យមានដូចជា ១.គ្រឿងបន្លាស់យានយន្ត ២. ឧបករណ៍អគ្គីសនី ៣. សម្ភារៈសាងសង់ ៤. សម្ភារៈដេគ័រគ្រប់ប្រភេទ ៥. សម្លៀកបំពាក់គ្រប់ប្រភេទ ៦. ថាមពលស្អាត/សូឡា ៧. រទេះក្មេង/កង់ក្មេង ៧. ផលិតផលកាបូប ៨. ភ្លើងអំពូលគ្រប់ប្រភេទ ៩. និងផលិតផលប្រើប្រាស់ផ្សេងៗទៀត ៕








ដោយ / គ្រី សម្បត្តិ