បណ្ឌិត គិន ភា៖ «ក្នុងទំនាក់ទំនងអន្តរជាតិ គ្មានមិត្ត គ្មានសត្រូវទេ មានតែផលប្រយោជន៍»
ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃចន្ទ ទី១៥ ខែកញ្ញានេះថា សមយុទ្ធហ្វឹកហ្វឺនរួមគ្នារវាងកងកម្លាំងទ័ពអាកាសចិន និងថៃនឹងធ្វើឡើងនៅចុងខែកញ្ញា ក្នុងប្រទេសថៃ។ ក្រសួងបាននិយាយថា កងទ័ពរំដោះប្រជាជនចិននឹងបញ្ជូនយន្តហោះជាច្រើនប្រភេទ និងកងកម្លាំងការពារដែនអាកាសទៅចូលរួមក្នុងសមយុទ្ធនេះ។ នេះ បើតាមប្រភពព័ត៌មានពី ECNS, News AZ និង Xinhua។
ពាក់ព័ន្ធនឹងព័ត៌មាននេះ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ចេញទស្សនៈដូចខាងក្រោម៖
ក្នុងទំនាក់ទំនងអន្តរជាតិ ប្រទេសនីមួយៗតែងព្យាយាមពង្រឹងនិងពង្រីកទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយបណ្ដាប្រទេសនានាឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ដើម្បីធានាផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួនលើវិស័យនយោបាយ ការទូត សន្តិសុខ យុទ្ធសាស្ត្រ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។
មិត្តភាពដែកថែបរវាងកម្ពុជា និងចិន មិនមែនចងដៃចិន ឬចងដៃកម្ពុជា មិនឱ្យពង្រឹងនិងពង្រីកទំនាក់ទំនងជាមួប្រទេសផ្សេងទៀតនោះទេ។ ម្យ៉ាងទៀត កម្ពុជានិងចិនមិនមែនជាសម្ព័ន្ធមិត្តយោធាដែលចាំបាច់តម្រូវឱ្យប្រទេសនីមួយៗជួយច្បាំងគ្នាទៅវិញទៅមកដូចសម្ព័ន្ធមិត្តណាតូ ឬសម្ព័ន្ធមិត្តរវាងជប៉ុន និងកូរ៉េខាងត្បូងជាមួយនឹងសហរដ្ឋអាម៉េរិក ឬរវាងសហរដ្ឋអាម៉េរិក និងលោកខាងលិចនោះទេ។
កម្ពុជាក៏មិនអាចជួយច្បាំងចិន ហើយចិនក៏មិនអាចជួយច្បាំងកម្ពុជាដែរ តែអាចគាំទ្រគ្នាជានយោបាយ ការទូត ឬយោធា ក្នុងករណីការគាំទ្រនោះមិនប៉ះពាល់ដល់ផលប្រយោជន៍របស់គេ។ ត្រូវចាំថា ទំនាក់ទំនងអន្តរជាតិ គឺគិតពីផលប្រយោជន៍ គ្មានមិត្ត គ្មានសត្រូវ គឺមានតែផលប្រយោជន៍តែប៉ុណ្ណោះ។
ដូច្នេះ កុំតូចចិត្តដែលចិនធ្វើសមយុទ្ធផ្លូវអាកាសជាមួយថៃ ព្រោះចិនមានផលប្រយោជន៍ជាមួយថៃច្រើនជាងជាមួយកម្ពុជាយើងឆ្ងាយណាស់ ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការទូត យុទ្ធសាស្ត្រ សន្តិសុខ ជាពិសេស ថៃជាម៉ូយធំមួយរបស់ចិនសម្រាប់លក់អាវុធ។ បើប្រៀបធៀបជាមួយថៃ កម្ពុជាយើងទិញអាវុធពីចិនតិចជាងថៃឆ្ងាយណាស់។
សូមចាំថា កាលណាមានសង្គ្រាមរវាង ឬនៅក្នុងប្រទេសតូចៗ ពួកមហាអំណាចតែងតែញញឹម និងស្រក់ទឹកមាត់ហើយ ព្រោះលុយនឹងហូរចូលទៅប្រទេសមហាអំណាចប្រទេសឈ្មួញអាវុធទាំងនោះបន្ថែមទៀត។ រាល់ពេលសង្គ្រាមរវាងឬនៅក្នុងប្រទេសតូចៗ នោះគឺជាឱកាសដែលមហាអំណាចឈ្មួញអាវុធផ្សាយពាណិជ្ជកម្មអាវុធរបស់ខ្លួនផង និងជាឱកាសលក់អាវុធរបស់ខ្លួនផង។
តទៅ យើងត្រូវបន្តធ្វើពិពិធកម្មការទូតយើងបន្ថែមទៀតដោយលើកកម្ពស់ទំនាក់ទំនងការទូតរបស់យើងជាមួយមហាអំណាច និងបណ្ដាប្រទេសនានាឱ្យបានកាន់តែច្រើនបំផុតតាមដែលអាចធ្វើបាន ដោយជៀសវាងងាប់ក្រឡាជាមួយតែមហអំណាចណាមួយ មិនថាលើវិស័យសេដ្ឋកិច្ច នយោបាយ ការទូត និងសន្តិសុខទេ៕
ដោយ៖ពលជ័យ