ចិនចោទក្រុមហ៊ុនអាមេរិក Nvidia ថា បំពានច្បាប់ប្រឆាំងការផ្តាច់មុខ
ប៉េកាំង ៖ និយតករទីផ្សាររបស់ប្រទេសចិនបាននិយាយថា ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia បានបំពានច្បាប់ប្រឆាំងការផ្តាច់មុខ អំឡុងពេលមន្ត្រីកំពូលៗមហាយក្ស ទាំងពីរនេះកំពុងពន្លត់ព្យាយាមពន្លត់ សង្គ្រាមពាណិជ្ជកម្ម ដែលបានកើតឡើងកម្តៅ អស់រយៈពេល ជាច្រើនខែមកនេះ។
ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី១៦ ខែកញ្ញា នេះថា និយតករចិនមិនបានផ្តល់ព័ត៌មានលម្អិត អំពីរបៀប ដែល Nvidia បានបំពានច្បាប់ នោះទេ ប៉ុន្តែ បាននិយាយថា ខ្លួននឹងបន្តស៊ើបអង្កេត លើបញ្ហានេះ។
យ៉ាងណាមិញ Nvidia បាននិយាយថា ខ្លួនបានអនុលោមតាមច្បាប់ “ក្នុងគ្រប់ទិដ្ឋភាពទាំងអស់” ហើយនឹងបន្តសហការ ជាមួយភ្នាក់ងាររដ្ឋាភិបាលចិន ដែលពាក់ព័ន្ធទាំងអស់ ជុំវិញការវាយតម្លៃ ពីផលប៉ះពាល់ លើការប្រកួតប្រជែង នៅក្នុងទីផ្សារពាណិជ្ជកម្ម ។
ប្រទេសចិនបានចាប់ផ្តើមការស៊ើបអង្កេត លើ Nvidia កាលពីខែធ្នូ ឆ្នាំមុន ដែលត្រូវបានគេមើលឃើញថា ជាការសងសឹកចុងក្រោយបង្អស់ នៅក្នុងសមរភូមិ រវាងសហរដ្ឋអាមេរិក និងចិន ជុំវិញទីផ្សារបន្ទះឈីប Semiconductor ។ រីឯ សហរដ្ឋអាមេរិកបានរឹតបន្តឹង លើការនាំចេញទំនិញប្រភេទនេះ ទៅឱ្យក្រុមហ៊ុនចិន រួមទាំង ឧបករណ៍អេឡិចត្រូនិក លំដាប់ខ្ពស់ផងដែរ។
ការចោទប្រកាន់នេះ ក៏បានកើតឡើង ស្របពេលដែល រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អាមេរិក លោក Scott Bessent និង ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានបើកកិច្ចពិភាក្សាចរចា នៅក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃចន្ទ ដើម្បីប៉ុនប៉ងបញ្ចប់សង្គ្រាមពាណិជ្ជកម្ម រវាងប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរ។
បន្ទាប់ពីកិច្ចពិភាក្សានេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហើបថា កិច្ចព្រមព្រៀងមួយ ត្រូវបានឈានដល់ការចុះជាមួយប្រទេសចិន ដើម្បីបញ្ចៀសការហាមប្រាម របស់សហរដ្ឋអាមេរិក នៅលើ បណ្តាញសង្គម TikTok។
គួរបញ្ជាក់ថា គណៈប្រតិភូពាណិជ្ជកម្មកម្រិតកំពូលរបស់ចិន និងអាមេរិក ក៏បានជួបប្រជុំគ្នា កាលពីខែកក្កដា ដោយបានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការពន្យាពេល តំឡើងពន្ធ ទៅវិញទៅមក ក្នុងរយៈពេល៩០ថ្ងៃ ទៀត ពោលគឺរហូតដល់ថ្ងៃទី ១០ ខែវិច្ឆិកា៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត