លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល CMA ឡើងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ WATER CREDIT PARTNERS MEETING នៅប្រទេសហ្វីលីពីន

(ហ្វីលីពីន)៖ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា WCAD បានចូលរួមចំណែកជួយគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជាមួយនឹងសមតុល្យឥណទានសរុបចំនួន ២៧៩លានដុល្លារ ដល់ប្រជាពលរដ្ឋកម្ពុជា ចំនួនជាង ២,១លាននាក់ គិតចាប់តាំងពីឆ្នាំ២០១៧មក ។

ការថ្លែងនេះ បានធ្វើឡើង ខណៈដែលលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល CMA បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ WATER CREDIT PARTNERS MEETING ក្រោមប្រធានបទ “Flowing Together: Financing Sustainable Solutions for Water and Sanitation” នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ តំណាងរាជរដ្ឋាភិបាល និយ័តករ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងដៃគូអភិវឌ្ឍជាច្រើននាក់ ក៏បានទៅចូលរួមកិច្ចប្រជុំនេះ ផងដែរ ។

កិច្ចប្រជុំដែលបានរៀបចំឡើងដោយអង្គការ Water.Org ក្នុងគោលបំណងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការរួមគ្នារវាងភាគីពាក់ព័ន្ធ ជាពិសេសដៃគូដែលបានចូលរួមក្នុងគម្រោងឥណទានទឹកស្អាត និងអនាម័យ (WCAD) ក៏ដូចជាចែករំលែកនូវចំណេះដឹង បទពិសោធល្អៗ ព្រមទាំងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងការអនុវត្តគម្រោង WCAD ។ កិច្ចប្រជុំដដែលនេះ ក៏នឹងផ្តល់នូវកាលានុវត្តភាពដ៏ល្អដល់សិក្ខាកាម ដើម្បីសិក្សាស្វែងយល់កាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងផលជះ និងការពង្រីកវិសាលភាពនៃការអនុវត្តគម្រោង WCAD ព្រមទាំងឈ្វងយល់អំពីនិន្នាការ និងឱកាសនា នាសំដៅធានាបាននូវការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យចំពោះប្រជាពលរដ្ឋនៅសហគមន៍បានកាន់តែល្អប្រសើរ ។

លោកជំទាវ ឌិត នីតា ក្នុងសុន្ទរកថា បានលើកឡើងពីផលជះជាវិជ្ជមានក៏ដូចជាការចូលរួមចំណែកដ៏សំខាន់របស់គម្រោង WCAD ក្នុងកិច្ចការជំរុញលទ្ធភាពទទួលបានឥណទានសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដល់ប្រ ជាពលរដ្ឋមូលដ្ឋានក្នុងសហគមន៍ ជាពិសេសប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ។ លោកជំទាវបានមានប្រសាសន៍ថា ៖ “ចាប់តាំងពីគម្រោង WCAD បានផ្តួចផ្តើមឡើងតាំងពីដំណាក់កាលសាកល្បងក្នុងឆ្នាំ២០១៧ រហូតដល់ការដាក់ឱ្យអនុវត្តយ៉ាងពេញលេញ គម្រោងនេះបានចូលរួមចំណែកជួយគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជាមួយនឹងសមតុល្យឥណទានសរុបចំនួន ២៧៩លានដុល្លារ ដល់ប្រជាពលរដ្ឋកម្ពុជា ចំនួនជាង ២,១លាននាក់ ជាមួយនឹងឥណទានសរុបជាង ៤៦៨.០០០គណនី” ។

លោកជំទាវនូវបានរំលេចដែរថា៖ “គម្រោង WCAD មិនត្រឹមតែជាផលិតផល ឬសេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែគម្រោងនេះ គឺជាស្ពានចម្លងសម្រាប់ប្រជាពលរដ្ឋដើម្បីទទួលបាននូវសុខមាលភាពល្អប្រសើរ អនាម័យ ការអប់រំ និងឱកាស ដែលយើងអាចឃើញផលជះទាំងនេះនៅប្រទេសកម្ពុជា”។

សូមបញ្ជាក់ថា គម្រោងឥណទានទឹកស្អាតនិងអនាម័យ (WCAD) ដែលជាគំនិតផ្តួចផ្តើមរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងទទួលបានការគាំទ្រថវិការពីអង្គការ Water.org មានគោលបំណងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈការជំរុញនូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សេវាទឹកស្អាត និងអនាម័យក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ជាពិសេសនៅតំបន់ដាច់ស្រយាល ៕

សម្រួលអត្ថបទ ៖ គង់ សុផុល
រូបភាព ៖ FB : Cambodia Microfinance Association

ads banner