ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា ២៧វត្ត ក្នុងខេត្តព្រះវិហារ
(ខេត្តព្រះវិហារ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានដឹកនាំក្រុមការងារនាំយកទេយ្យទាន ទេយ្យវត្ថុ ជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ មកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា នៅវត្តទួលអណ្ដែត និង ២៦វត្តផ្សេងទៀត ក្នុងខេត្តព្រះវិហារ ក្នុងពិធីបុណ្យកាន់បិណ្ឌវេណទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។
ពិធីនេះបានប្រព្រឹត្តទៅ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមការចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករនៅក្នុងមូលដ្ឋាន ផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ ក៏បានឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ជាពិសេសក្នុងអំឡុងពេលផ្ទុះអាវុធកាលពីពេលកន្លងទៅ ដែលបានបង្កការលំបាកដល់ប្រជាពលរដ្ឋ និងព្រះសង្ឃ ផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានចាត់ទុកការចូលរួមយ៉ាងសកម្មរបស់ក្រុមការងារទាំងអស់ទាំងពេលកន្លងមក និងនៅពេលបច្ចុប្បន្ន គឺពិតជាបានរួមចំណែក ធ្វើឱ្យពិធីបុណ្យកាន់បិណ្ឌនេះ បានប្រព្រឹត្តទៅប្រកបដោយភាពរីករាយ និងអត្ថន័យជ្រាលជ្រៅ ជាពិសេសបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ស្មារតីសាមគ្គីភាពក្នុងសង្គមជាតិខ្មែរ៕









ដោយ ៖ ឡុង សំបូរ