អង្គការសង្គមស៊ីវិលស្នើសហគមន៍អន្តរជាតិ អន្តរាគមន៍ជំរុញឱ្យថៃដោះលែងទាហានកម្ពុជា
(កំពង់ធំ)៖ អង្គការសង្គមស៊ីវិលខេត្តកំពង់ធំ បានអំពាវនាវឲ្យភាគីថៃ ដោះលែងវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ដោយគ្មានលក្ខខណ្ឌ និងអនុវត្តបទឈប់បាញ់ដោយភាពស្មោះត្រង់។
ព្រឹត្តិការណ៍នេះកើតឡើងក្នុងវេទិកាសន្ទនាស្តីពី “កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី” ដែលរៀបចំដោយ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និង លោក អ៊ុន បុត្ត អភិបាលរងខេត្ត តំណាង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមានការចូលរួមពីតំណាងមកពីអង្គការ សមាគម សហគមន៍ សហជីព និងមន្ទីរជំនាញផ្សេងៗក្នុងខេត្ត។
លោក អ៊ុន បុត្ត អភិបាលរងខេត្ត តំណាង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានសាទរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកា ដោយសង្កត់ថា វេទិកានេះជាវេទិការសំខាន់សម្រាប់ពង្រឹងទំនាក់ទំនង និងសហការណ៍រវាងអាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល ក្នុងការលើកកម្ពស់សុខដុមនីយកម្ម និងការអភិវឌ្ឍសង្គម។
លោក ក៏បានលើកទឹកចិត្តឲ្យអង្គការសង្គមស៊ីវិល បន្តគោរពច្បាប់ជាធរមាន ដើម្បីបង្កើនទំនុកចិត្តពីសាធារណជន និងដៃគូម្ចាស់ជំនួយ ព្រមទាំងចូលរួមជាមួយរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍដោយចីរភាព ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា–ថៃ លោក បានអំពាវនាវឲ្យអង្គការសង្គមស៊ីវិលបន្តអភិវឌ្ឍស្មារតីសាមគ្គី ស្នេហាជាតិ និងជឿជាក់លើយន្តការទូត និងសន្ដិវិធី ក្នុងការដោះស្រាយវិវាទ ដើម្បីការពារប្រយោជន៍ជាតិ។
ក្នុងឱកាសនេះ អង្គការសង្គមស៊ីវិលខេត្តកំពង់ធំ បានចេញញត្តិគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងបទពិសោធន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងបេសកកម្មការពារអធិបតេយ្យភាព និងឯករាជ្យភាពកម្ពុជា ។
អង្គការសង្គមស៊ីវិលក៏បានថ្កោលទោសយ៉ាងតឹងរឹងចំពោះការឈ្លានពានរបស់កងទ័ពថៃ លើដែនដីកម្ពុជា និង អំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិ ស្ថាប័នអន្តរជាតិ និងបណ្តាប្រទេសមហាអំណាច ឱ្យជួយអន្តរាគមន៍ជំរុញឲ្យភាគីថៃ ដោះលែងវីរកងទ័ពកម្ពុជាទាំង ១៨រូបដោយឥតលក្ខខណ្ឌ ក៏ដូចជាអនុវត្តយ៉ាងស្មោះត្រង់ចំពោះបទឈប់បាញ់ និងដកបន្លាលួសដែលរំលោភដែនកម្ពុជា ។
អង្គការសង្គមស៊ីវិលបានបញ្ជាក់ថា ការធ្វើដូច្នេះគឺជាចំណែកសំខាន់ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់ប្រទេសទាំងពីរ និងតំបន់ទាំងមូល ៕







ដោយ ៖ ប៊ុនរដ្ឋា