បច្ច័យជាង ៦១លានរៀល និង ៨០០ដុល្លារ ត្រូវបានប្រគេនព្រះសង្ឃ សម្រាប់កសាងសមិទ្ធផលនានា ក្នុងវត្តឧណ្ណាលោម
(ភ្នំពេញ)៖ បច្ច័យជាង ៦១លានរៀល និង ៨០០ដុល្លារ ទទួលពីបិណ្ឌវេន១០ ត្រូវបានប្រគេនព្រះសង្ឃ សម្រាប់កសាងសមិទ្ធផលនានា ក្នុងវត្តឧណ្ណាលោម សម្រាប់ទុកកសាងសមិទ្ធផលនានា ដើម្បីចូលរួមដល់ការរីកចចម្រើននៅក្នុងវិស័យពុទ្ធចក្រ ។ ពិធីកាន់បិណ្ឌវេនទី១០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលរៀបចំដោយលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ខៀវ ស៊ីណា និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ចាត់ចែងចង្ហាន់ ប្រគេនព្រះសង្ឃគង់នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ត្រូវនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមគ្រួសារ និងមន្ត្រី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា ព្រមទាំងពុទ្ធបរិស័ទជិទឆ្ងាយផងដែរ ។
នៅក្នុងពិធីបុណ្យកាន់បិណ្ឌទី១០នេះ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ និងលោកជំទាវបណ្ឌិត ទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញប្រតិបត្ដិព្រះធម៌ សូត្រមន្ដ នមស្ការ ចម្រើនព្រះបរិត្ដ រាប់បាត្រ ប្រគេនព្រះសង្ឃ តាមគន្លង ប្រពៃណីព្រះពុទ្ធសាសនា ។
ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងទំនុកបម្រុងនិងចាត់ចែងចង្ហាន់ និងបច្ច័យ៤ ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា និងឧទ្ទិសមហាកុសលផលបុណ្យដល់ដួងវិញ្ញាណខន្ធ ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងបុព្វការីជនទាំងឡាយ មានមាតា-បិតា ជីដូន-ជីតាជាដើម ។
ក្រៅពីការឧទ្ទិសកុសលជូនបុព្វការីជន សាច់សារលោហិត, អ្វីដែលថ្នាក់នាំ មន្រ្តីរាជការ បុគ្គលិក និងប្រជាពលរដ្ឋ មិនអាច បំភ្លេចបានគឺគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់វិរះយុទ្ធជនកម្ពុជា ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ និងសាសនា ជាពិសេសចំពោះវិរះយុទ្ធជនដែលពលីជីវិតលើកិច្ចការការពារទឹកដី នៃការប៉ះទង្គិចក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗ ក្នុងនោះ លោកជំទាវ បានឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័នអស់លោកទាំងនោះ បានសោយសុខនាឋានបុរមសុខកុំបីឃ្លៀង ឃ្លាតឡើយ ។
ក្រៅពីនេះ លោកជំទាវ ក៏បានជូនពរដល់វិរះយុទ្ធជនកំពុងសម្រាកព្យាបាល ឱ្យបានឆាប់ជាសះស្បើយ និងមានសុខភាព ល្អបរិបូរណ៍ ប្រកបដោយកំលាំងខ្លាំងក្លា ដើម្បីបន្តបំពេញភារកិច្ចដ៏ឧត្ដង្គឧត្ដមជូនជាតិមាតុភូមិ ព្រមទាំងបបួងសួង សូមឲ្យមនុញ្ញផល កើតចេញពីបុណ្យ ផ្ដល់នូវសេចក្ដីសុខចម្រុងចម្រើន ដល់ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាគ្រប់លំដាប់ថ្នាក់ ។
សូមបញ្ជាក់ថា នៅក្នុងថ្ងៃកាន់បិណ្ឌទី១០នេះ ទ័យទានមានដូចជា៖ អង្គរ, មី, ស្ករស, ទឹកដោះគោ, ទឹកសុទ្ធ, ទឹកក្រូច, ទឹកផ្លែឈើ, ទឹកត្រី, ទឹកស៊ីអ៊ីវ, អំបិល និងត្រីខ ត្រូវបានវេប្រគេនដល់ព្រះសង្ឃ និងបច្ច័យដែលប្រមូលបានប្រមាណជាង ៦១លានរៀល និង ៨០០ដុល្លារ ក៏ត្រូវបានវេព្រះសង្ឃ សម្រាប់ទុកកសាងសមិទ្ធផលនានា នៅក្នុងវត្តឧណ្ណាលោម ដើម្បីចូលរួមដល់ការរីកចចម្រើននៅក្នុងវិស័យពុទ្ធចក្រ នៃព្រះរាជាណាចក្រកម្ពុជា ៕







អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត