អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃមកលើប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ បណ្តាលឱ្យរងរបួសធ្ងន់និងស្រាលចំនួន២៤នាក់
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ចាប់ពីវេលាម៉ោង ៣និង៤៤នាទី កងទ័ពថៃប្រដាប់ដោយអាវុធ និងសមត្ថកិច្ចនគរបាលបង្ក្រាបបាតុកម្មថៃដែលប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗទៀត បានចូលមករាយបន្លាលួសសាជាថ្មីទៀតនៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រោះ ខេត្តបន្ទាយមានជ័យ ដើម្បីព័ន្ធយកដីដែលប្រជាពលរដ្ឋបានរស់នៅនឹងអាស្រ័យផលជាយូរមកហើយ។ ប៉ុន្តែប្រជាពលរដ្ឋនៅទីនោះបានចេញមករារាំងដើម្បីការពារដីរបស់ខ្លួននិងបានរើបន្លាលួសទាំងនោះចេញវិញ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា សមត្ថកិច្ចថៃបានបាញ់កាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែងមកលើប្រជាពលរដ្ឋខ្មែរដែលធ្វើឱ្យពួកគេហៀរទឹកភ្នែក និងបានប្រើប្រាស់ ឧបករណ៍សំឡេងដែលធ្វើឱ្យប៉ះពាល់ទៅដល់ក្រដាស់ត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរដោយបានប្រើប្រាស់ឧបករណ៍បង្ក្រាប និងបាញ់ជំពាមកៅស៊ូ គ្រាប់ឃ្លី ដែលបណ្តាលឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃចំនួនយ៉ាងតិច ២៤នាក់និងអង្គ ដួលសន្លប់ និងរងរបួសធ្ងន់និងស្រាល៕
ដោយ៖ពលជ័យ




