របាយការណ៍អង្កេតយេនឌ័រ និងបរិស្ថានកម្ពុជា បានឆ្លើយតទៅនឹងតម្រូវការ កំពុងកើតមានរវាងស្ត្រី និងបុរស ក្នុងបរិស្ថាន ដែលមានភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងរហ័ស
(ភ្នំពេញ)៖ របាយការណ៍អង្កេតយេនឌ័រ និងបរិស្ថានកម្ពុជា ជាឧបករណ៍លើកកម្ពស់ សមភាពយេនឌ័រ និងស្ថិរភាពបរិស្ថាន ឆ្លើយតទៅនឹងតម្រូវការ កំពុងកើតមានរវាងស្ត្រី និងបុរស ក្នុងបរិស្ថាន ដែលមានភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងរហ័ស ។
នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ ការអង្កេតយេនឌ័រ និងបរិស្ថាននៅកម្ពុជា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។
ឯកឧត្តម ទ្រី ឫទ្ធា នាយកវិទ្យាស្ថានជាតិស្ថិតិ បានឱ្យដឹងថា ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និង ពង្រឹងសិទ្ធអំណាចស្ត្រី (UN Women) វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានធ្វើអង្កេតយេនឌ័រ និងបរិស្ថាននៅកម្ពុជាឆ្នាំ២០២៤ ដែលជាអង្កេតថ្នាក់ជាតិ លើកដំបូងនៅកម្ពុជា ដែលធ្វើឡើងផ្អែកទៅលើគោលការណ៍ណែនាំ និងបទដ្ឋានអន្តរជាតិ ។ លទ្ធផលអង្កេត ត្រូវបានបែងចែកជា ៤តំបន់ធំៗ ក្នុងនោះ មានទីប្រជុំជន និងជនបទ។ ការអង្កេតនេះ ត្រូវបានធ្វើការសម្ភាសន៍លើស្ត្រី ៤៩៦១ នាក់ និងបុរស ៤៨៤៣ នាក់ ដោយក្នុង ១គ្រួសារ ត្រូវសម្ភាសន៍ ស្រី ១នាក់ និងបុរស ១នាក់ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ក្នុងចំណោម ៥០០០គ្រួសារ ក្នុងភូមិចំនួន ៥០០ និងក្នុងឃុំចំនួន ២៥០ ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ការអង្កេត ត្រូវបានអនុវត្ត បន្ទាប់ពីប្រទេសកម្ពុជា បានជួបប្រទះនូវរដូវក្តៅ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ នៅតំបន់ជាច្រើន ។ ក្នុងឆ្នាំ២០២៤ កម្ពុជា បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុត ក្នុងរយៈពេល ១៧០ ឆ្នាំចុង ក្រោយនេះ ។ លទ្ធផលអង្កេតនេះ បង្ហាញពីភាពងាយរង គ្រោះ និងគ្រោះមហន្តរាយ ដូចជា គ្រោះរាំងស្ងួត រដូវក្តៅខ្លាំង ព្យុះនិងខ្យល់កន្ត្រាក់ ហើយក៏បង្ហាញពីផលប៉ះពាល់រយៈពេលវែងនៃការប្រែប្រួលអាកាសធាតុ និងបទពិសោធន៍ផ្ទាល់របស់ស្ត្រី និងបុរសដែលបាន ប្រឈមមុខជារៀងរាល់ថ្ងៃ ។
ឯកឧត្តម ប៊ិន ត្រឈៃ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសរបស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួង ផែនការ ក្រសួងពាក់ព័ន្ធ និងដៃគូ ក្នុងការធ្វើឱ្យអង្កេតយេនឌ័រ និងបរិស្ថាននៅកម្ពុជា ឆ្នាំ២០២៤ សម្រេចបានដោយជោគជ័យ និងទទួលលទ្ធផលប្រកបដោយផ្លែផ្កា។ ទន្ទឹមនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហប្រជាជាតិលើកកម្ពស់ សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ ស្ត្រី (UN Women) ដែលបានផ្តល់ជំនួយទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេសដល់ការងារអង្កេតដ៏ មានសារៈសំខាន់នេះ ។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា សិក្ខាសាលាផ្សព្វផ្សាយនេះ ជាព្រឹត្តិការណ៍សំខាន់ ដើម្បីផ្សព្វផ្សាយជាផ្លូវការរបាយការណ៍អង្កេតយេនឌ័រ និងបរិស្ថានកម្ពុជាឆ្នាំ២០២៤ ដែលជាប្រភពសម្រាប់ផ្តល់ទិន្នន័យ និងព័ត៌មានអង្កេតថ្នាក់ជាតិច្បាស់លាស់ និងគ្រប់ដណ្តប់ ទំនាក់ទំនងពហុវិមាត្ររវាងស្ត្រី និងបុរស ជាមួយបរិស្ថាន នៅកម្ពុជា ដែលនឹងរួមចំណែកជាធាតុចូលសម្រាប់អ្នករៀបចំគោលនយោបាយពាក់ព័ន្ធ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍ ប្រើជាត្រីវិស័យកំណត់គោលដៅអាទិភាព និងគោលនយោបាយអភិវឌ្ឍនានា ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា របាយការណ៍អង្កេតយេនឌ័រ និងបរិស្ថានកម្ពុជា ឆ្នាំ២០២៤ នឹងជួយជំរុញដល់ការអភិវឌ្ឍជាតិ ជាពិសេសគាំទ្រដល់ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, ការអនុវត្តការចូលរួមចំណែក របស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្តីពីការប្រែប្រួល អាកាសធាតុ (NDC 3.0), កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួល អាកាសធាតុ, និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ ដែលសុទ្ធសឹងជាការងារមានការតភ្ជាប់គ្នារវាងសមភាពយេនឌ័រ ការរស់នៅប្រកបដោយភាពច្បាស់លាស់ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់កំណើនស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។
ឯកឧត្តម ប៊ិន ត្រឈៃ សង្ឃឹមយ៉ាងមុតមាំថា របាយការណ៍នេះ នឹងត្រូវយកទៅប្រើប្រាស់យ៉ាងទូលំទូលាយ ដោយក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍនានា សម្រាប់រួមចំណែកក្នុងការសម្រេចបានគោលដៅ អភិវឌ្ឍជាតិ និងចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាល ៕




ដោយ ៖ វណ្ណលុក