ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កងទ័ពគឺជាឆ្អឹងខ្នងរបស់សង្គមជាតិ ជាឆ្មាំចាំយាមនូវអាយុជីវិតរបស់ជាតិ
(កំពង់ស្ពឺ)៖ កងទ័ពគឺជាឆ្អឹងខ្នងរបស់សង្គមជាតិ ជាឆ្មាំចាំយាមនូវអាយុជីវិតរបស់ជាតិ ហើយគុណបំណាច់របស់កងទ័ពគឺមានលក្ខណៈពិសេសដាច់ដោយឡែកខុសពីមន្ត្រីរាជការស៊ីវិលដទៃទៀត ។ កងទ័ពមានផ្នត់គំនិត និងរបៀបរបបការងារដោយហ៊ានលះបង់អាយុជីវិត ដើម្បីការពារជាតិ ដែលនេះមិនមែនទាំងអស់គ្នាអាចធ្វើបាននោះទេ ។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងកម្មវិធីធ្វើបទឧទ្ទេសនាម និងបាឋកថា ស្ដីពីរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាម នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៥ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បញ្ជាក់បន្ថែមថា កងកម្លាំងប្រដាប់អាវុធ គឺជាអ្នកមានគុណយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជន ហើយទំនាក់ទំនងល្អរវាងមន្ត្រីរាជការស៊ីវិល និងកងទ័ព គឺជាអ្វីដែលមិនអាចកាត់ផ្ដាច់ចេញពីគ្នាបានឡើយ ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍និងពង្រឹងខឿនការពារជាតិឱ្យបានរឹងមាំ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា មកដល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឆ្លងកាត់ជាច្រើនដំណាក់កាល ក្នុងការស្ដារនិងអភិវឌ្ឍន៍ខ្លួនដើម្បីចូលរួមជំរុញកិច្ចអភិវឌ្ឍន៍ប្រទេសជាតិតាមដំណាក់កាលនីមួយៗ ហើយមកទល់បច្ចុប្បន្ន ក្រសួងបានខិតខំប្រឹងប្រែងអនុវត្តការងារជាច្រើន ដើម្បីឆ្លើយតបតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ ការរៀបចំប្រទេសជាតិ ឱ្យបានល្អ មានរបៀបរៀបរយត្រឹមត្រូវ, ការបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងសង្គមជាតិ,បង្កើតទ្រនំសុភមង្គលនិងភូមិឋានក្សេមក្សាន្តសំរាប់ប្រជាពលរដ្ឋរស់នៅដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរ ។

បេសកកម្មរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការចូលរួមរៀបចំស្រុកទេស រៀបចំផ្ទះសំបែងឱ្យរៀបរយ ស្របតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ដើម្បីឱ្យប្រជាជនទទួលបានផ្លែផ្កានៃសន្តិភាព ដោយមានជីវភាពរស់នៅសមរម្យ គឺមានដំបូលលើក្បាល ម្ហូបលើតុ ប្រាក់ចំណូលសមរម្យ កូនទៅរៀន និងដើម្បីកម្ពុជាជាប្រទេសឯករាជ្យម្ចាស់ការ និងមានខឿនសេដ្ឋកិច្ចជាតិរឹងមាំ ៕
ដោយ / គ្រី សម្បត្តិ











