ព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុង លើ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៤រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យហើយឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងបន្ថែមនេះ បង្ហាញអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងនាម ជាសមាជិកសកម្មរបស់អាស៊ានក្នុងការរក្សាតំបន់អាស៊ី-អាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងអាវុធមហាប្រល័យផ្សេងទៀត ដោយអនុលោមតាមធម្មនុញ្ញអាស៊ាន ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃសន្ធិសញ្ញានេះ ក្នុងការរួមចំណែកឆ្ពោះទៅរកសន្តិភាព និងសន្តិសុខអន្តរជាតិ ក្នុងបរិបទនៃទិដ្ឋភាពភូមិសាស្ត្រនយោបាយសកលនាពេលបច្ចុប្បន្ន និងការកើនឡើងនៃបញ្ហាប្រឈមចំពោះតំបន់មិនរីកសាយអាវុធនុយក្លេអ៊ែរ។
ទន្ទឹមនឹងនេះ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងបន្ថែមនេះក៏នឹងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ក្នុងការចូលរួមចំណែកធ្វើសមាហរណកម្មតំបន់អាស៊ី-អាគ្នេយ៍ឱ្យកាន់ តែពេញលេញ ស្របពេលនៃការបញ្ចូលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេជាសមាជិកទី១១ របស់អាស៊ាន និងជាពិសេសការចូលរួមចំណែកលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោកទាំងមូល ដើម្បីរក្សាតំបន់អាស៊ី-អាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកដទៃទៀត។
សូមជម្រាបជូនថា សន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ត្រូវបានចុះហត្ថលេខាដោយប្រទេសសមាជិកអាស៊ាន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៥ នៅរាជធានីបាងកក ប្រទេសថៃ ហើយកម្ពុជា បានក្លាយជារដ្ឋភាគី នៃសន្ធិសញ្ញានេះតាមរយៈការផ្តល់សច្ចាប័ន ដោយព្រះរាជក្រមលេខ នស/រកម/០២៩៧/០២ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៩៧។
ដើម្បីបំពេញនីតិវិធីក្នុងដំណើរការរៀបចំឱ្យសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលនឹងក្លាយជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន នាខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ និងការចូលជារដ្ឋភាគីនៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរជាផ្លូវការ រដ្ឋភាគីប្រទេសសមាជិកអាស៊ានទាំង១០ បានអនុម័តកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញានេះ នៅក្នុងកិច្ចប្រជុំគណៈកម្មការសន្ធិសញ្ញាស្តីពី តំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី ដើម្បីធ្វើវិសោធនកម្ម មាត្រា១(ក) នៃសន្ធិសញ្ញានេះ។
ដូច្នេះ ដើម្បីអនុញ្ញាតឱ្យសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជារដ្ឋភាគីនៃសន្ធិសញ្ញានេះបានតាមកាលកំណត់ រដ្ឋភាគីបានឯកភាពដាក់តម្កល់លិខិតុបករណ៍នៃការយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមនេះ ជាមួយរដ្ឋាភិបាល ថៃ ដែលជារដ្ឋតម្កល់ឯកសារ នៅត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យកិច្ចព្រមព្រៀងបន្ថែមនេះ ចូលជាធរមាននៅ ៣០ថ្ងៃក្រោយ នៃការតម្កល់លិខិតុបករណ៍ទី៧ នៃការយល់ព្រមរបស់រដ្ឋភាគីនៃសន្ធិសញ្ញា គឺត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥។
សេចក្តីព្រាងច្បាប់នេះរៀបចំឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា កម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧។
ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន ៤រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ពីសំណាក់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់និងគតិច្បាប់ ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ដោយមានសំឡេងគាំទ្រ ចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕





ដោយ ៖ វណ្ណលុក