សមត្ថកិច្ចចម្រុះខេត្តព្រះវិហារដុតកម្ទេចគ្រឿងបង្កកខូចគុណភាពជាងបីតោន ក្រោយការបង្ក្រាប
ព្រះវិហារ៖សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ដឹកនាំសម្របសម្រួលដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានធ្វើការដុតបំផ្លាញគ្រឿងមាន់បង្កកខូចគុណភាពជាងបីពាន់គីឡូក្រាម បន្ទាប់ពីបង្ក្រាប និងរឹបអូសបានពីឈ្មួញដែលនាំចូលតាមទូកពីប្រទេសឡាវតាមច្រកព្រំដែនផ្លូវទឹក ស្ថិតក្នុងភូមិកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។

ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ស្រេង វុទ្ធា បានប្រាប់អ្នកសារព័ត៌មានថា សមត្ថកិច្ច ចម្រុះឃាត់រថយន្តពីរគ្រឿងដែលដឹកទំនិញគ្រឿងក្នុងមាន់បង្កកចំនួន ៣.៥០០គីឡូក្រាមដែលខូចគុណភាព ។ទំនិញនេះចូលមកតាមច្រកកំពង់ស្រឡៅ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ។

រថយន្ដទាំងពីរគ្រឿងនេះមួយគ្រឿងពាក់ស្លាកលេខសៀមរាប 2C-6427 ដឹកគ្រឿងក្នុងមាន់(កោះមាន់)ចំនួន ១.៥០០គីឡូក្រាម និងរថយន្តមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ 3D-7626 ដឹកគ្រឿងក្នុងមាន់ (កោះមាន់) ចំនួន២.០០០គីឡូក្រាម។ទំនិញគ្រឿងក្នុងមាន់បង្កកទាំងនេះខូចគុណភាពប្រែពណ៌មិនអាចបរិភោគបាននិងពុំមានឯកសារត្រឹមត្រូវ ព្រមទាំងដឹកជញ្ជូនខុសបច្ចេកទេស។
ក្រោយការបង្ក្រាបនិងរឹបអូសបានរថយន្តទាំងពីរគ្រឿង ដែលជាមធ្យោបាយបម្រើឲ្យការប្រព្រឹត្តបទល្មើស ត្រូវបានប្រគល់ទៅឱ្យសាខាគយ និងរដ្ឋាករប្រចាំខេត្តព្រះវិហារ-កំពង់ធំ ធ្វើការផាកពិន័យតាមនីតិវិធីច្បាប់៕
ដោយ៖ឡុង សំបូរ



