កិច្ចប្រជុំលើកទី២ រវាងនគរបាលជាតិកម្ពុជា និងគណៈប្រតិភូថៃ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ខែកញ្ញា ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ត្រូវបានលើកពេល ដោយមិនទាន់កំណត់ពេលវេលាជាក់លាក់ថ្មីនៅឡើយ
កិច្ចប្រជុំលើកទី២ រវាងនគរបាលជាតិកម្ពុជានិងគណៈប្រតិភូថៃ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដើម្បីពិនិត្យលើសេចក្តីព្រាងផែនការសកម្មភាពកិច្ចសហប្រតិបត្តិ្កការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស ត្រូវបានលើកពេល ដោយមិនទាន់កំណត់ពេលវេលាជាក់លាក់ថ្មីនៅឡើយ។បច្ចុប្បន្នភាគីកម្ពុជាកំពុងរង់ចាំលិខិតជូនដំណឹងជាផ្លូវការពីភាគីថៃ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈប្រតិភូកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ។
ផ្អែកតាមកំណត់ហេតុកិច្ចប្រជុំលើកទី១ រវាងនគរបាលជាតិកម្ពុជា និងគណៈប្រតិភូថៃ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរនឹងបន្តជួបគ្នាលើកទី២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលើខ្លឹមសារព្រាង នៃផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការ ទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស។
ភាគីទាំងពីរបានឯកភាពគ្នាយកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលកំណត់ជួបគ្នាលើកទី២ ក្នុងនោះដែរភាគីកម្ពុជាបានត្រៀមរួចរាល់ទាំងការទំនាក់ទំនងអញ្ជើញភាគីថៃ ខ្លឹមសារ និងទីកន្លែង ប៉ុន្តែនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ភាគីថៃបានជូនដំណឹងក្រៅផ្លូវការតាមរយៈអនុព័ន្ធនគរបាលភូមិន្ទថៃអមស្ថានទូតប្រចាំក្រុងភ្នំពេញពីការលើកពេល៕
ដោយ៖ពលជ័យ