សម្តេចតេជោ ហ៊ុន សែន រម្លឹកពីខួបលើកទី២៧ឆ្នាំនៃការបាញ់ប្រហារដើម្បីសម្លាប់សម្តេចនៅទីរួមខេត្តសៀមរាប, ប្រសិនពេលនោះ សម្តេចស្លាប់ ឬត្រូវរបួស​ ប្រទេស​កម្ពុជាយើងនឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គម នាយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ថ្ងៃ២៤កញ្ញា២០២៥នេះ ជាខួបលើកទី២៧ឆ្នាំ នៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំ នៅទីរួមខេត្តសៀមរាប​ (២៤កញ្ញា១៩៩៨-២៤កញ្ញា២០២៥)។​ ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់ និងបន្តនៅជាមួយប្រជាជនដើម្បីបន្តអនុវត្តនយោបាយឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃ២៩ធ្នូ១៩៩៨។

សម្តេចតេជោបន្តថា​ ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវនាព្រឹកថ្ងៃ២៤កញ្ញា១៩៩៨ទេ តែខ្ញុំគួរតែបញ្ជាក់ថា ប្រសិនពេលនោះ ខ្ញុំស្លាប់ឬត្រូវរបួស​ ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ​ ព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ និងប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្តសៀមរាប​ និងមានអ្នកនយោបាយជាច្រើននឹងត្រូវស្លាប់។

សម្តេចតេជោបញ្ជាក់ថា​ គិតពីថ្ងៃ២៤កញ្ញា១៩៩៨ មកដល់ពេលនេះ ខ្ញុំរស់បាន២៧ឆ្នាំរួចមកហើយ និងសង្ឃឹមថានឹងរស់បានតិចបំផុត២៧ឆ្នាំបន្តទៀត។ ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង៤០ឆ្នាំនិងក្រោម៥០ឆ្នាំ៕
ដោយ៖ពលជ័យ

ads banner