សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវការវិភាគបន្ថែមពាក់ព័ន្ធនឹងព្រឹត្តិការណ៍បាញ់ប្រហារលើសម្តេច កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅខេត្តសៀមរាប
យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានខ្លឹមសារទាំងស្រុងថា ម្សិលលមិញខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំ ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅទីរួមខេត្តសៀមរាប។ ខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់ចំណុច (ប្រសិនខ្ញុំស្លាប់ឬរបួសប្រទេសកម្ពុជាយើងនិងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃឡើយ ព្រោះម្ជាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ)។ ការសរសេរបែបនេះ គឺជាកំហុសដែលមើលឃើងតែមួយជ្រុងនៃតួនាទីរបស់ខ្ញុំដោយមិនបានគិតដល់កត្តាដទៃទៀត។
ពេលនេះខ្ញុំសូមផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់របស់ខ្ញុំ។
១.ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរឈាមមួយកើតឡើងភ្លាមដែលធ្វើឱ្យមនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្តសៀមរាប។
២.គ្រប់គ្រងសភាពការណ៍បាន រដ្ឋសភាដំណើការប្រជុំធម្មតា និងឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មីឬត្រូវជាប់គាំងបង្កើតរាជរដ្ឋាភិបាលមិនបាន។
៣.ប្រទេសបន្តសង្រ្គាមដោយបែងចែកជាតំបន់ត្រួតត្រា២ ម្ខាងរាជរដ្ឋាភិបាល និងម្ខាងទៀតខ្មែរក្រហម។
៤.មានអ្នកដឹកនាំនយោបាយឆ្នើមរកការស្រុះស្រួលផ្ទៃក្នុងផង និងរកវិធីបញ្ចប់សង្គ្រាមបានផង។ តាមរយៈការស្រុះស្រួលនេះ សន្តិភាពកើតមាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលល្អលើស ហ៊ុន សែន ច្រើនដង។ នៅមានកត្តាច្រើនទៀតដែលខ្ញុំសូមមិនលើកឡើងទុកជូនបងប្អូនវាយតម្លៃខ្លួនឯង៕
ដោយ៖ពលជ័យ