អេស្ប៉ាញបញ្ជូននាវាចម្បាំង ទៅការពារក្បួនដឹកជំនួយទៅហ្គាហ្សា

ម៉ាឌ្រីដ ៖ អេស្ប៉ាញនឹងបញ្ជូននាវាចម្បាំង ទៅជួយការពារនាវាដឹកជំនួយ នាំទៅតំបន់ហ្គាហ្សា បន្ទាប់ពីសង្ស័យថា អាចមានការវាយប្រហារ។

នាយករដ្ឋមន្ត្រី អេស្ប៉ាញ លោក Pedro Sanchez បាននិយាយ កាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា ថា ប្រទេសនេះនឹងបញ្ជូននាវាកងទ័ពជើងទឹក ដើម្បីជួយដល់កងនាវាជំនួយនៅព្រំដែនតំបន់ Gaza។ លោកបានអះអាងបែបនេះ បន្ទាប់ពីអ្នករៀបចំ បាននិយាយថា នាវាដឹកជំនួយរបស់ពួកគេជាច្រើន ត្រូវបានតម្រង់គោលដៅ ដោយយន្តហោះគ្មានមនុស្សបើក ចេញពីប្រទេសក្រិក។

លោកបានប្រាប់សន្និសីទ នៅទីក្រុងញូវយ៉កថា «យើងមានការព្រួយបារម្ភ ហើយនោះជាមូលហេតុដែលយើងនឹងដាក់ពង្រាយកប៉ាល់ ដើម្បីធានាថា ប្រសិនបើចាំបាច់ ប្រជាពលរដ្ឋរបស់យើងអាចត្រូវបានជួយសង្គ្រោះ និង នាំយកត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ»។ លោកបានបន្ថែមថា កប៉ាល់នឹងចាកចេញ នៅថ្ងៃព្រហស្បតិ៍ នេះ។

ប្រទេស អ៊ីតាលី បានប្រកាស កាលពីថ្ងៃពុធដែរថា ខ្លួនបានបញ្ជូននាវាចម្បាំង របស់កងទ័ពជើងទឹក ដើម្បីជួយដល់កងនាវាចរដឹកជំនួយ ទៅហ្គាហ្សា ផងដែរ។ ការប្រកាស អំពីការបញ្ជូននាវាទ័ពជើងទឹកពីប្រទេសទាំងនេះ បានកើតមានឡើង បន្ទាប់ពីជួបឧបសគ្គពិបាកនាំជំនួយ ទៅដល់ដៃជនជាតិប៉ាឡេស្ទីន។

ជាមួយគ្នា អ៊ីស្រាអែលបានរិះគន់ ម្តងហើយម្តងទៀត ចំពោះការគាំទ្រនេះ ដោយខ្លួនហៅថា «បង្កប់ន័យសម្រាប់ក្រុមហាម៉ាស់» ប៉ុន្តែ មិនបានធ្វើការអត្ថាធិប្បាយថា តើខ្លួនទទួលខុសត្រូវ ចំពោះយន្តហោះគ្មានមនុស្សបើក ឬ អត់ នោះទេ។

អ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាម នៅតំបន់ហ្គាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ដោយពួកសកម្មប្រយុទ្ធហាម៉ាស់ ដែលបានសម្លាប់មនុស្ស ប្រហែល ១.២០០នាក់ និង មនុស្ស ២៥១ នាក់ត្រូវបានចាប់ ធ្វើជាចំណាប់ខ្មាំង។

ចាប់តាំងពីពេលនោះមក ជម្លោះបានសម្លាប់ជនជាតិប៉ាឡេស្ទីន ជាង៦៥,០០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា ហើយ បានរីករាលដាល នូវគ្រោះទុរ្ភិក្ស, បំផ្លាញអគារភាគច្រើន និង ជម្លៀសប្រជាជន ជាច្រើនដង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner