រយៈពេលនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរមកលេងចំនួនជាង ១៣ម៉ឺននាក់
(កំពង់ឆ្នាំង)៖ រយៈពេល នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំនេះ ខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចំនួនសរុប ១៣៧.៦៤១នាក់ បានមកលេងនៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ។ ចំពោះភ្ញៀវទេសចរណ៍ជាតិមានចំនួន ១៣៧.៦៤១នាក់ និង ភ្ញៀវទេសចរណ៍បរទេសមានចំនួន១៩២នាក់ ។
លោក សេង សាលី បញ្ជាក់បន្ថែមថា នៅក្នុងខេត្តកំពង់ឆ្នាំង មានតំបន់ទេសចរណ៍បែបធម្មជាតិ និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រជាច្រើន ដូចជា ៖ នៅក្នុងក្រុងកំពង់ឆ្នាំង មាន សួនសម្តេចចៅហ្វាវាំង(សួនស៊ីម៉ាក់) សួនច្បារវិមានឯករាជ្យ និងសួនទឹកមុខសាលាខេត្ត និងទំនប់ទួលអំពិល។
នៅស្រុកសាមគ្គីមានជ័យ មានវត្តភ្នំព្រះធាតុ / ស្រុកកំពង់ត្រឡាចមានការជិះរទេះគោនៅភូមិអ្នកតាហាង ទៅវត្តបុរាណពោធិ៍រុក្ខារាម(ហៅវត្តកំពង់ត្រឡាចលើ), វត្តត្រឡែងកែង ,និងទំនប់កប់សេះ ។ នៅស្រុករលាប្អៀរមាន ភូមិព្រែកសាលា , ទស្សនាចម្លាក់ស្មូនដីនៅភូមិអណ្តូងឬស្សី, សួនឈ្វាំង, និងទំនប់សាងស្នេហ៍ ។ ស្រុកទឹកផុសមាន សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិល , សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល , សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ, និងទំនប់ទឹកគង្គា ។ ស្រុកបរិបូរណ៍មាន ខ្សាច់ស , ទនប់២ឧសភា , ទំនប់អាចាំង។ ស្រុកកំពង់លែង មាន ច្រកទំនប់បាក់ដាវ , ទឹកជ្រោះអូរដារសិលាទូកមាស , ចំណុចលំហាច. ស្រុកជលគិរីមាន ទំនប់តាកុយ , វត្តសុវណ្ណគីរី ។
ក្រៅពីតំបន់រមណីដ្ឋានទេសចណ៍ ដែលបានរៀបរាប់ខាងលើ នៅមានទីកន្លែងសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិមកលេងកំសាន្តជាច្រើនទៀត ។ ក្រោមការណែនាំ ពីឯឧត្ត ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរ មន្ទីរពាក់ព័ន្ធបានរៀបចំ សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពបានយ៉ាងល្អប្រសើរ ជាពិសេសមិនអោយមានការដំឡើងថ្លៃផ្ទះសំណាក់ សណ្ឋាគារ ឬ ម្ហូបអាហារអ្វីឡើយ បានន័យថាថ្ងៃបុណ្យ និង ថ្ងៃធម្មតានៅរក្សាតម្លៃដដែលមិនអោយមានការប្រែប្រួល នាំអោយមានការថ្នាំងថ្នាក់ពីភ្ញៀវដែលបានមកលេងនៅខេត្តកំពង់ឆ្នាំង ៕











សុខ គឹមសៀន