ប្រេស៊ីល នឹងពិចារណារៀបចំឱ្យមានគ្រូបង្វឹក មកបណ្ដុះបណ្ដាលផ្នែកកីឡាបាល់ទះ បាល់ទាត់នៅកម្ពុជា

(ភ្នំពេញ)៖ទូតថ្មីរបស់ប្រទេសប្រស៊ីល បានគូសបញ្ចាក់ថា ប្រេស៊ីល នឹង​ពិចារណា​ររៀបចំឱ្យមានគ្រូបង្វឹក មកបណ្ដុះបណ្ដាលផ្នែកកីឡាបាល់ទះ បាល់ទាត់នៅកម្ពុជា ។ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធា​រណរដ្ឋសហព័ន្ធប្រេស៉ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ដូចនេះ ក្នុងឱ​កាស​អញ្ជើញប្រគល់សារតាំងជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​​រដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ក្នុងព្រះបរមនាម នៃព្រះមហាក្សត្រ កម្ពុជា ចំពោះលោកជំទាវ ហើយសម្ដេចតេជោ បានចាត់ទុកវត្តមានលោកជំទាវនាពេលនេះ ជាផ្នែកមួយដ៏សំខាន់ នៃការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងប្រេស៊ីល។ សម្ដេច​ក៏បាន​បង្ហាញ នូវក្តីរីករាយដែលសហព័ន្ធប្រេស៊ីលបានដាក់និវេសនដ្ឋាន​ទូតនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងដែលជាផ្នែកមួយក្នុងការជំរុញទំនាក់ទំនង
រវាងកម្ពុជា និងប្រេស៊ីលឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ក្នុងឱកាសនោះ លោកជំទាវ Vivian Loss Sanmartin បានជម្រាបជូន​សម្ដេចតេ​ជោថា ក្នុងបេសកម្មរបស់លោកជំទាវនៅកម្ពុជាពេលនេះ នឹងធ្វើយ៉ាងណា ជំរុញនូវ​ទំនាក់ទំនងទ្វេភាគា​ររវាងកម្ពុជា និងប្រេស៊ីល ឲ្យមានភាពល្អប្រសើរកាន់តែ​ខ្លាំង​ឡើង​បន្ថែមទៀត ជាពិសេស ការជំរុញនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាង​កម្ពុជា និងប្រេស៊ីល ឲ្យមានការកើនឡើងបន្ថែមទៀតផងដែរ ។

អ្វីដែលជាការកត់សម្គាល់បន្ថែមទៀត លោកជំទាវ បានរំលេចអំពីការពង្រីក នូវកិច្ច​សហប្រតិបត្តិការក្នុងវិស័យនានារវាងកម្ពុជា និងប្រេស៊ីល ក្នុងនោះ ក៏មានការពង្រីក​នូវទំនាក់ទំនងទាំងរដ្ឋាភិបាលផង ទាំងស្ថាប័ននីតិបញ្ញតិផង ដែលលោកជំទាវ នឹង​ជំរុញ​ឲ្យប្រទេសទាំងពីរ បង្កើននូវកិច្ចសហការឲ្យមានភាពល្អប្រសើរបន្ថែមទៀត ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយចំពោះការលើកឡើង​របស់លោក​ជំទាវ ក្នុងការជំរុញនូវពាណិជ្ជកម្ម សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ឲ្យមានការកើន​ឡើង ដោយសម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងដ៏ល្អទៅមុខលឿនបាន វាអាស្រ័យទៅលើសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដូច្នេះប្រសិនបើប្រទេសទាំងពីរ ខិតខំ​ប្រឹងប្រែងក្នុងការពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានការកើនឡើង គឺជា​ផ្នែកនៃការរុញច្រានទំនាក់ទំនងឲ្យកាន់តែល្អទៅជាមួយគ្នាផងដែរ ។

សម្តេចតេជោក៏បានរំលេចបន្ថែមទៀតទាក់ទងទៅនឹងការស្វាគមន៍ចំពោះគំនិតរបស់លោកជំទាវ នៃការការពង្រីកទំនាក់ទំនងផ្នែកស្ថាប័ននីតិបញ្ញាត្តិ ពោល គឺសភានៃ​ប្រទេសទាំងពីរ ដោយសម្ដេចតេជោ បានបញ្ជាក់អំពីគំនិតរបស់សម្ដេចថា ប្រទេស​ទាំងពីរ គួរតែបង្កើតនូវក្រុមមិត្តភាពសភាប្រទេសទាំងពីរ ទាំងស្ថាប័នរដ្ឋសភា ទាំង​ស្ថាប័នព្រឹទ្ធសភា ដើម្បីឲ្យស្ថាប័ននីតិបញ្ញាត្តិនេះ គឺអាចធ្វើការ និងពង្រីកនូវការ​ទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា ។

សម្ដេចតេជោ ក៏បានមានប្រសាសន៍លើកឡើងទាក់ទងទៅនឹងការពង្រីក នៅក្នុង​វិស័យ​កីឡា ដោយថា ប្រេស៊ីល មានសក្កានុពលណាស់ ជាពិសេស ធនធានកីឡា​ល្អៗ នៅពេលដែលគេនិយាយពីប្រេស៊ីល គេនឹងនឹកឃើញកីឡា ហើយសម្ដេចក៏ជា​អ្នកស្រឡាញ់វិស័យកីឡានេះ និងជាអ្នកគាំទ្រប្រេស៊ីលផងដែរ នៅពេលកន្លងមក ទាំងកីឡាបាល់ទាត់ និងបាល់ទះជាដើម ។ ដូច្នេះ ភាគីទាំងពីរ គួរតែពង្រីកទៅលើ​វិស័យ​កីឡាជាមួយគ្នា ជាពិសេស គឺការបញ្ជូនគ្រូបង្វឹករបស់ប្រេស៊ីល មកជួយបង្វឹក​ផ្នែក​កីឡារបស់កម្ពុជា ដូចជា កីឡាបាល់ទាត់ និងកីឡាបាល់ទះ ដែលជាផ្នែកមួយ​ដ៏សំខាន់ ដើម្បីចំណងមិត្តភាពរវាងប្រទេសទាំងពីរផង ហើយដើម្បីជំរុញ នូវការផ្លាស់​ប្ដូររវាងប្រជាជន និងប្រជាជនឲ្យកាន់តែមានចម្រើនទៅជាមួយនឹងគ្នា ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់សម្ដេចតេជោ លោកជំទាវ បានបញ្ជាក់ថា ប្រេ​ស៊ីល នឹងពិចារណាក្នុងការរៀបចំឲ្យមានគ្រូបង្វឹកមកបណ្ដុះបណ្ដាល ផ្នែកកីឡា​បាល់​ទះ កីឡាបាល់ទាត់ នៅកម្ពុជា ។ លោកជំទាវ ថា នេះជារឿងមួយ ដែលភាគីទាំងពីរ អាចធ្វើបានជាមួយគ្នា ហើយធ្វើបានក្នុងពេលឆាប់ៗ ។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ក៏បានជំរាបជូនលោកជំទាវអំពីបញ្ហាព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីរឿងរ៉ាវនៃបញ្ហានាពេលកន្លងមក។ លោកជំទាវ ក៏បានឆ្លើយតបជាមួយសម្ដេចតេជោថា ប្រេស៊ីល គឺគាំទ្រនូវការដោះស្រាយបញ្ហា ដោយសន្តិវិធី រវាងកម្ពុជា និងថៃ ដោយលោកជំទាវ ជំរុញឲ្យភាគីទាំងពីរ គោរព
នូវបទឈប់បាញ់ ហើយឈានទៅរកការដោះស្រាយបញ្ហា វិលមករកប្រក្រតីភាព ឡើងវិញ ។

សម្ដេចតេជោ ហ៊ុន សែន បានជូនពរលោកជំទាវ ឯកអគ្គរដ្ឋទូតប្រេស៊ីលថ្មី ប្រចាំនៅ​កម្ពុជា ទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការទូត នៅព្រះរាជាណាចក្រ​កម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner