អាមេរិកលក់មីស៊ីល ១,២ពាន់លានដុល្លារឱ្យអាល្លឺម៉ង់
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា បានប្រកាសពីការយល់ព្រមលើការលក់មីស៊ីល និង ឧបករណ៍ពាក់ព័ន្ធ តម្លៃ១.២៣ពាន់លានដុល្លារ ដល់ប្រទេសអាល្លឺម៉ង់។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក ហៅកាត់ DSCA បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការលក់ ដែលបានស្នើឡើងនេះ នឹងធ្វើអោយប្រសើរឡើង នូវសមត្ថភាពរបស់ប្រទេសអាឡឺម៉ង់ ក្នុងការទប់ទល់នឹងការគម្រាមកំហែង នាពេលបច្ចុប្បន្ន និងអនាគត ដោយផ្តល់នូវការបង្កើនសមត្ថភាពពីអាកាសសម្រាប់កម្មវិធី F-35 របស់អាល្លឺម៉ង់ និង គាំទ្រដល់ការគ្រោងទុក, ការហ្វឹកហ្វឺន និងតម្រូវការប្រតិបត្តិការ របស់អាឡឺម៉ង់ និង ក្របខណ្ឌ ណាតូ» ។
DSCA បាននិយាយថា ការណ៍នេះក៏នឹងគាំទ្រដល់គោលដៅគោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក តាមរយៈការធ្វើឱ្យប្រសើរឡើង នូវសន្តិសុខនៃសម្ព័ន្ធមិត្តណាតូ ដែលជាកម្លាំង សម្រាប់ស្ថិរភាពនយោបាយ និង វឌ្ឍនភាពសេដ្ឋកិច្ច នៅអឺរ៉ុប។
បន្ទាប់ពីក្រសួងការបរទេស បានអនុម័ត ការលក់មីស៊ីលនេះ ស្ថាប័ន DSCA បានផ្តល់ការជូនដំណឹងចាំបាច់ ដល់សភាសហរដ្ឋអាមេរិក ដែលនៅតែត្រូវការចុះហត្ថលេខា លើប្រតិបត្តិការនេះ។
សេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកនេះ បានកើតឡើង បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្តេជ្ញាថា នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងការរំលោភលើដែនអាកាស និង ការវាយប្រហារផ្សេងទៀត ដោយយោធារុស្ស៊ី។
ប៉ុន្មានសប្តាហ៍ថ្មីៗនេះ រុស្ស៊ីបានបញ្ជូនយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងដែនអាកាសរបស់សមាជិកណាតូ បន្តបន្ទាប់។
រដ្ឋាភិបាលរបស់លោក Merz បានស្តីបន្ទោសទីក្រុងម៉ូស្គូ ចំពោះយន្តហោះគ្មានមនុស្សបើក ជាច្រើនគ្រឿង ឃើញហោះ នៅលើទីតាំងយោធា និង ឧស្សាហកម្មអាល្លឺម៉ង់ ផងដែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត