អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ត្រូវបានលើកពេលទៅខែតុលា វិញ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ថា កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ត្រូវបានលើកពេលទៅខែតុលា វិញ ដោយសារខាងភាគីថៃមានការកែសម្រួល និងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពភូមិភាគ របស់ខ្លួន ។
តាមរយៈបណ្ដាញសង្គម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានលើកពេលទៅខែតុលា ឆ្នាំ២០២៥វិញ ដោយសារខាងភាគីថៃមានការកែសម្រួល និងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពភូមិភាគ របស់ខ្លួន នេះបើយោងតាមការជូនដំណឹងពីភាគីថៃ ។
យោធភូមិភាគទី៤ កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការបន្តអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ៕
ដោយ ៖ វណ្ណលយក
