ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ពិព័រណ៍ផលិតផលខ្មែរជាការបង្ហាញពីសមត្ថភាព សក្កដានុពលរបស់កម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី មានប្រសាសន៍ថា ស្របតាមការអំពាវនាវ ជាពិសេសដោយមើលចលនាគាំទ្រផលិតផលក្នុងស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិព័រណ៍ផលិតខ្មែរនេះឡើង ក្នុងគោលបំណងពង្រឹងស្មារតីសាមគ្គីស្នេហាជាតិ រួមគ្នាជាសំលេងតែមួយ ក៏ជឿជាក់លើរាជរដ្ឋាភិបាល និងកងកំលាំងគ្រប់ៗរូប ព្រមទំាងចូលរួមជំរុញនូវការគាំទ្រ នូវសមត្ថភាពផលិតផលក្នុងស្រុក តាមរយៈការចូលរួម ជំរុញ និងគាំត្រផលិតផលក្នុងស្រុក ដើម្បីបង្កើតឱកាសការងារសំរាប់បងប្អូនប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាផ្តល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុន ក្នុងស្រុក ដាក់តាំងលក់ ដើម្បីផ្សព្វផ្សាយផលិតក្នុងស្រុក និងទាក់ទងដៃគូ ពាណិជ្ជកម្មនានា។ឯកឧត្តម គូសបញ្ជាក់ថា ការរៀបចំពិព័រណ៍នេះ គឺជាការបង្ហាញពីសមត្ថភាព សក្កដានុពលរបស់កម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីនាំមកនូវការរួមគ្នាជាមួយស្មារតី និងពាក្យគន្លឹះ «ខ្មែរធ្វើបាន» ព្រមទាំងបង្ហាញពីការសាមគ្គីភាព ការគាំទ្ររាជរដ្ឋាភិបាល។

ប្រសាសន៍ លើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ក្នុងឱកាសអញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ឯកឧត្តមបានបន្ថែមថា ឆន្ទៈ មនសិការ និងការចូលរួមប្រជាជននៅក្នុងកម្មវិធីពិព័រណ៍នេះ ជាកម្លាំងចិត្តដ៏ធំធេង និងមិនអាចកាត់ថ្លៃបានសម្រាប់ផលិតករ អាជីវករ និងសេវាករទាំងអស់ក្នុងការប្រឹងប្រែងពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួន ដែលជាការមួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន។ ឯកឧត្តម សង្កត់ធ្ងន់ថា ស្មារតីគាំទ្រ ស្មារតីសាមគ្គីភាព និងការរួបរួមគ្នា មិនមែនមានតែក្នុងស្ថានភាពនេះទេ ប៉ុន្តែត្រូវបន្តមានជារៀងរហូត។

ក្នុងនាមគណៈកម្មការរៀបចំកម្មវិធីពិព័រណ៍ ឯកឧត្តមក៏បានបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានប្រឹងប្រែងរៀបចំកម្មវិធីនេះឡើង ព្រមទាំងថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ម្ចាស់ឧបត្ថភម្ភទាំងវិស័យរដ្ឋ និងឯកជន ដែលបានចូលរួមចំណែកឱ្យព្រឹត្តិការណ៍នេះ អាចដំណើរការទៅបាន ព្រមទាំងគាំទ្រនូវរាល់គំនិតផ្ដួចផ្ដើមរបស់ ស.ស.យ.ក. ក្នុងការរៀបចំកម្មវិធី ព្រឹត្តិការណ៍ វេទិកានានាកន្លងមក។ ឯកឧត្តមបានបានលើកទឹកចិត្តឱ្យផលិតករក្នុងស្រុក ខិតខំពង្រឹងសមត្ថភាពផលិតកម្ម បង្កើនសេវាកម្មសប្បូរបែប ដោយគិតគូរទាំងបរិមាណ និងគុណភាព និងបង្កើនការប្រើប្រាស់រាល់វត្ថុធាតុដើមក្នុងច្រវាក់ផលិតកម្មរបស់ខ្លួន ហើយ ស.ស.យ.ក នឹងប្ដេជ្ញារៀបចំកម្មវិធីពិព័រណ៍ផលិតផលខ្មែរឱ្យបានរាល់ឆ្នាំ និងមានភាពទាក់ទាញ ដើម្បីជាប្រយោជន៍ដល់ផលិតករ សេវាករ អ្នកប្រើប្រាស់ រួមទាំងសម្រាប់សង្គមជាតិកម្ពុជាទាំងមូលស្របតាមបុព្វហេតុ និងបេសកម្មរបស់ ស.ស.យ.ក.៕

គួរបញ្ជាក់ថា កម្មវិធីនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ពោលគឺនៅថ្ងៃទី២៦ ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការតាំងផលិតផលចម្រុះដ៏សម្បូរបែបមកពីគ្របវិស័យរួមាន៖ ភោគផលកសិកម្ម ផលិតផលឧស្សាហកម្ម ឧបករណ៍បច្ចេកវិទ្យាថ្មីៗ រួមទាំងម្ហូបអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់(ទាំងបែបជាតិ និងអន្តរជាតិ) រួមទាំងផលិតផលក្នុងស្រុកជាច្រើនប្រភេទសរុបចំនួន ២៨៣ ស្តង់៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner